(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ បានចល័តយន្ដហោះចម្បាំងជាការឆ្លើយតបទៅនឹងយន្ដហោះយោធារុស្ស៉ីដែលបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ហើយវាជាលើកទី២ដែលរឿងបែបនេះបានកើតឡើងក្នុងពេលប៉ុន្មានសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចូលក្នុងភាពតានតឹង ចាប់តាំងពីកូរ៉េខាងត្បូងបានចូលរួមជាមួយលោកខាងលិចដើម្បីដាក់ទណ្ឌកម្ម លើរុស្ស៉ី សម្រាប់ការឈ្លានពានអ៊ុយក្រែន និងចាប់តាំងពីទីក្រុងមូស្គូពង្រឹងទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយកូរ៉េខាងជើង។ តាមក្រសួងការពារជាតិកូរ៉េខាងត្បូង យន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿងបានហោះចូល និងក្រោយមកបានហោះចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូងនៅពីលើសមុទ្រខាងកើត ឬសមុទ្រជប៉ុន។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «យោធាកូរ៉េខាងត្បូងបានប្រទះឃើញយន្ដហោះយោធារុស្ស៉ី នៅមុនយន្ដហោះទាំងនោះបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ហើយបានដាក់ពង្រាយន្ដហោះចម្បាំងដើម្បីត្រៀមលក្ខណៈសម្រាប់ ស្ថានការណ៍អាសន្នណាមួយ»។ ក្រសួងបន្ថែមថាយន្ដហោះយោធារុស្ស៉ីមិនបានហោះបំពានចូលដែនអាកាសរបស់កូរ៉េខាងត្បូងនោះទេ។
តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសមិនមែនជាអធិបតេយ្យដែនអាកាសនោះទេ។ ប៉ុន្តែវាជាតំបន់ទ្រនាប់ការពារមួយជាទីដែលបណ្ដាប្រទេសនានាតម្រូវឱ្យយន្ដហោះបរទេសបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនឯងនៅក្រោមហេតុផលសន្តិសុខ។ យន្ដហោះយោធា ជាធម្មតាត្រូវជូនដំណឹងទៅកាន់ប្រទេសពាក់ព័ន្ធ មុននឹងហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស បើទោះជានេះមិនមែនជាកាតព្វកិច្ចតម្រូវឱ្យដោយច្បាប់ក៏ដោយ។
គួរបញ្ជាក់ថា កាលពីចុងខែមិថុនាកន្លងទៅ យន្ដហោះយោធាចិន និងរុស្ស៉ីប្រហែលជា ១០គ្រឿង ក៏ធ្លាប់បានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូង៕


























