លោក ត្រាំ គំរាមវាយអ៉ីរ៉ង់ឱ្យទ្រោម បន្ទាប់ពីការវាយប្រហារសងសឹកដាក់គ្នា

(ឌូបៃ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ បានគំរាមថានឹងវាយប្រហារបន្ថែមទៀតលើអ៉ីរ៉ង់ បន្ទាប់ពីផ្ទុះការវាយប្រហារសងសឹកដាក់គ្នាសាជាថ្មីជាលើកដំបូង ក្នុងរយៈពេលមួយខែមកនេះដោយបង្កើនភាពតានតឹងនៅក្នុងជម្លោះមួយដែលកាលពីពេលថ្មីៗនេះបានផ្លាស់ប្ដូរទៅជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីរ៉ង់កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទម្សិលមិញ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្ស៊កដានី ជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក លើកោះ Larak របស់អ៉ីរ៉ង់ ជាទីដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងថាខ្លួនបានបើកការវាយប្រហារលើប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចំនួន ២គ្រឿង ដែលអ៉ីរ៉ង់ប្រើប្រាស់ក្នុងការបាញ់គ្រាប់មីនចូលទៅ ក្នុងតំបន់ច្រកសមុទ្រ Hormuz។ ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់មិនបានបង្ហាញពីចេតនាវិលត្រឡប់ទៅរកការធ្វើសង្រ្គាមទ្រង់ទ្រាយធំនោះទេ តែបានបង្ហាញថាពួកគេបានត្រៀមលក្ខណៈជាស្រេចក្នុងការឆ្លើយតប ក្នុងករណីមានការវាយប្រហារណាមួយកើតឡើងជាថ្មី។

អ្នកសារព័ត៌មាន Fox News ម្នាក់បានស្រង់សម្ដីរបស់លោក ដូណាល់ ត្រាំ ដែលបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងក្លាបំផុត»។ ក៏ប៉ុន្តែ លោក ត្រាំ នៅឯសេតវិមានក៏បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថាការវាយប្រហារសាជាថ្មីរបស់យោធាអាមេរិក មិនមែនជាការឱ្យសញ្ញានៃការវិលត្រឡប់ទៅរកសង្រ្គាមទ្រង់ទ្រាយធំនោះទេ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើលោកបាន ច្រានចោលជម្រើសប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់ដែរឬក៏យ៉ាងណា? លោក ត្រាំបានឆ្លើយថាវាមិនមានហេតុផលអ្វីត្រូវប្រើអាវុធនុយក្លេអ៊ែរឡើយ ពីព្រោះអ៉ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិកបំបាក់ដោយយោធា រួចទៅហើយ។

គួរបញ្ជាក់ថា បើតាម Reuters មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បាននិយាយថាការវាយប្រហារសងសឹកដាក់គ្នាជាលើកដំបូងចាប់តាំងពីចុងខែកក្កដាមក បានបង្កការខូចខាតតិចតួច និងមានលក្ខណៈគ្រប់គ្រងការប្រឈមមុខដាក់គ្នា ប៉ុន្តែមន្ត្រីរូបនេះបានព្រមានថាអ៉ីរ៉ង់នឹងឆ្លើយតបវិញឱ្យបានស័ក្តិសមបំផុត ក្នុងករណីមានការវាយប្រហារសាជាថ្មី៕