លោក ស៊ី ជីនពីង បំពេញទស្សនកិច្ចនៅអេហ្ស៉ីប ស្របពេលអាមេរិកព្រមានដាក់ទណ្ឌកម្មជុំវិញទំនាក់ទំនងជាមួយអ៉ីរ៉ង់

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) គ្រោងនឹងធ្វើដំណើរទៅដល់ប្រទេសអេហ្ស៉ីប នៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលប្រទេសទាំងពីរកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ជុំវិញទំនាក់ទំនងហិរញ្ញវត្ថុជាមួយប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។

សង្គ្រាមរាប់ខែនៅមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានរុញច្រានតំបន់ពាណិជ្ជកម្មដ៏សំខាន់នេះឱ្យធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោនបានព្រមានពង្រីកទណ្ឌកម្មប្រឆាំងនឹងដៃគូ និងអ្នកគាំទ្ររបស់ទីក្រុងតេហេរ៉ង់ ដែលអាចនឹងប៉ះពាល់ដល់ធនាគាររបស់អេហ្ស៉ីប និងចិន។

អ្នកវិភាគនយោបាយបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ធ្វើឡើងចំពេលដែលផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនកំពុងរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមអាមេរិក-អ៉ីរ៉ង់។ ប្រទេសចិន ដែលជាអ្នកទិញប្រេងធំជាងគេមួយរបស់អ៉ីរ៉ង់ បានបង្ហាញជំហរជាភាគីអព្យាក្រឹត និងបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានបទឈប់បាញ់យូរអង្វែង ខណៈដែលអេហ្ស៉ីប គឺជាអ្នកសម្រុះសម្រួលដ៏សំខាន់រវាងអ៉ីស្រាអែល និងក្រុមប៉ាឡេស្ទីន។

លោក Gamal Salama សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Suez ប្រទេសអេហ្ស៉ីប បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសចិនមើលឃើញទីក្រុងគែរ ជាតួអង្គយុទ្ធសាស្ត្រដ៏សំខាន់មួយ» ដោយសារទំនាក់ទំនងរបស់អេហ្ស៉ីបជាមួយទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសក្នុងតំបន់ នឹងផ្តល់ឱ្យទីក្រុងប៉េកាំងនូវច្រកចូលនយោបាយ និងឥទ្ធិពលការទូតកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ទាំងប្រទេសចិន និងអេហ្ស៉ីប សុទ្ធតែប្រកាន់ជំហរគាំទ្រដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដែលជាផ្នែកមួយនៃដំណោះស្រាយរដ្ឋពីរ (Two-State Solution) ដើម្បីនាំមកនូវសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់៕