
ខេត្តស្ទឹងត្រែង ៖ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយ និង រាជរដ្ឋាភិបាលកម្ពុជា សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ចាន់ ពិសិដ្ឋ ប្រធានសាខាខេត្ត លោកស្រី អែល ទីរៀម អនុប្រធានសមាគមសាខាខេត្ត និងអ្នកស្រី ស៊ីថាន់ ភូខាន់ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម នាព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៦ នេះ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រខ្មែរអ៊ីស្លាម ចំនួន ១០ គ្រួសារ។

ថ្លែងនៅក្នុងឱកាសនោះ លោក ចាន់ ពិសិដ្ឋ ប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ីស្លាមទាំងអស់។ លោកបានបញ្ជាក់ថា៖ ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនហួសប្រមាណ ប៉ុន្តែវាគឺស្តែងចេញពីទឹកចិត្ត ស្រឡាញ់ អាណិតអាសូរ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមការងារសមាគម ចំពោះបងប្អូនដោយមិនមានការរើសអើងពូជសាសន៍ ឬសាសនាឡើយ។ លោកបានលើកទឹកចិត្តឱ្យបងប្អូនខិតខំបន្តប្រកបរបរចិញ្ចឹមជីវិតដោយស្មោះត្រង់ រក្សាសុខភាពឱ្យបានល្អ និងបន្តរស់នៅដោយក្តីសង្ឃឹម ព្រោះសមាគមតែងតែនៅក្បែរ និងត្រៀមខ្លួនជួយសម្រាលទុក្ខលំបាករបស់បងប្អូនជានិច្ច។

ដូចគ្នានេះដែរ ឯកឧត្តមបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា៖ ឯកឧត្តមប្រធានតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន។

ឯកឧត្តមបានបន្ថែមថា៖ គោលការណ៍គ្រឹះរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព គឺការលើកកម្ពស់ស្មារតីសាមគ្គីភាព មនុស្សធម៌ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់ភាពកក់ក្តៅ និងការជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនទុកឱ្យនរណាម្នាក់រស់នៅក្នុងភាពឯកកោឡើយ។
អំណោយដែលយកមកចែកជូននាពេលនេះរួមមាន៖ អង្ករ មី ប៊ីចេង ស្ករស សារុង ថ្នាំដុសធ្មេញ សាប៊ូ ទឹកត្រី និងទឹកស៊ីអ៊ីវ។
តំណាងប្រជាពលរដ្ឋក្រីក្រម្នាក់ក្នុងចំណោម ១០ គ្រួសារ មានទឹកចិត្តសប្បាយរីករាយក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម និង ឯកឧត្តមបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម ព្រមទាំងលោក ចាន់ ពិសិដ្ឋ ប្រធានសមាគមសាខាខេត្តស្ទឹងត្រែង អ្នកស្រី អែល ទីរៀម អនុប្រធានសមាគម និង អ្នកស្រី ស៊ីថាន់ ភូខាន់ប្រធានសមាគមសាខាស្រុកសេសាន រួមទាំងក្រុមការងារ សមាជិក សមាជិកា នៃសមាគមទាំងអស់ ដែលបានយកចិត្តទុកដាក់ និងនាំយកអំណោយមកចែកជូនពួកគាត់ដល់ដៃនាពេលនេះ
តំណាង ប្រជាពលរដ្ឋដដែល បានជូនពរ ឱ្យឯកឧត្តមនិងក្រុមការងារ មានសំណាងល្អ ជោគជ័យនៅក្នុងការងារ
ជាពិសេសសូមជួបតែពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីភ្លៀងឃ្លាតឡើយ៕ ដោយ ឯកឧត្តមបណ្ឌិត ឌីម សុខុន



















































