(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីចំនួន ៣៦ នៅថ្ងៃអង្គារនេះ ដោយកំណត់គោលដៅលើវិស័យអាកាសចរណ៍ និងក្រុមហ៊ុនជាច្រើនរបស់ប្រទេសអ៉ីរ៉ង់ ដែលជាផ្នែកមួយនៃការបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ ខណៈដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឈានចូលដល់ខែទីប្រាំពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់ថា វិធានការនេះមានគោលបំណងរារាំងមិនឱ្យដំណើរការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Mahan Air និងក្រុមហ៊ុនអាកាសចរណ៍អ៉ីរ៉ង់ដទៃទៀត ព្រមទាំងបណ្តាញក្រុមហ៊ុនបិទបាំងមុខ អន្តរការីបរទេស និងផ្លូវដឹកជញ្ជូនបន្លំ ដែលអ៉ីរ៉ង់ពឹងផ្អែកដើម្បីទទួលបានយន្តហោះ និងបច្ចេកវិទ្យារសើបៗមានប្រភពដើមពីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ទណ្ឌកម្មក៏បានកំណត់គោលដៅលើក្រុមហ៊ុនមួយចំនួនដែលមានមូលដ្ឋាននៅក្នុងប្រទេសតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានចោទប្រកាន់ថាបានជួយទីក្រុងតេហេរ៉ង់ក្នុងការទិញយន្តហោះ និងបច្ចេកវិទ្យាទាំងនោះផងដែរ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជាការព្រមានដល់អ្នកណាដែលធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលនៅសេសសល់របស់អ៉ីរ៉ង់ ដែលយើងបានដាក់ទណ្ឌកម្មនៅថ្ងៃនេះ៖ អ្នកកំពុងប្រឈមនឹងហានិភ័យនៃការកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុសកលលោក»។
គួរបញ្ជាក់ថា ក្រសួងរតនាគារអាមេរិកក៏បានចេញការព្រមានដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងអស់ ឱ្យរាយការណ៍អំពីបណ្តាញផ្គត់ផ្គង់ណាដែលជួយជ្រោមជ្រែងដល់ឧស្សាហកម្មអាកាសចរណ៍របស់អ៉ីរ៉ង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងបន្តយុទ្ធនាការកាត់ផ្តាច់ប្រភពចំណូល និងបច្ចេកវិទ្យាពីខាងក្រៅទៅកាន់ទីក្រុងតេហេរ៉ង់៕





























