(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកមានកិច្ចសន្ទនាដ៏អស្ចារ្យមួយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីដើមសប្ដាហ៍នេះ ហើយថាមេដឹកនាំរុស្ស៉ីមានបំណងចុះកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុង Dallas ដើម្បីចូលរួមសន្និបាតជាតិគណបក្សសាធារណរដ្ឋ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោក (ពូទីន) ចង់ចុះកិច្ចព្រមព្រៀង ហើយប្រសិនបើ (លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ) ហ្សេលេនស្គី ចង់ចុះកិច្ចព្រមព្រៀងដែរ នោះវារឿងដ៏ល្អបំផុត»។
លោក ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ពូទីន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ភ្លាមៗបន្ទាប់ពីបេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសារប្រុសរបស់លោកត្រឡប់មកពីបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ និងទីក្រុងកៀវ។ កាលពីខែសីហា ប្រមុខចារកម្មអាមេរិក CIA លោក John Ratcliffe ក៏បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ផងដែរ ដើម្បីសាកល្បងជំរុញរុស្ស៉ីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោកបន្ថែមដោយចង់សំដៅលើលោក ត្រាំ និងលោក ពូទីន ថា «ការពន្យារពេលគឺដោយសារមនុស្ស ២នាក់ស្អប់គ្នាទៅវិញទៅមក»។
ក៏ប៉ុន្តែ បើទោះជាមានកិច្ចប្រឹងប្រែង និងសេចក្ដីថ្លែងការណ៍របស់លោក ត្រាំ ក៏ដោយ ក៏ក្រុមមន្ត្រីចារកម្មអាមេរិក អ៊ុយក្រែន និងអឺរ៉ុប នៅតែមានការសង្ស័យចំពោះលោក ពូទីន ពីភាពប្រាកដប្រជានៅក្នុងការបិទបញ្ចប់សង្រ្គាមរបស់លោកដែលបានចូលដល់ឆ្នាំទី៤៕





























