
(ខេត្តកំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត អនុសាខាកាកបាទក្រហមស្រុកតាំងគោគ បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យទ្រៀលចំនួន១០៣នាក់(ស្រ្តី៧៥នាក់) ក្រោមអធិបតីភាពឯកឧត្តម ជា វាន់ចាន់ លេខាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក អ៉ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកការងារយុវជនបាន ប្រធានការិយាល័យយុវជន នៃមន្ទីរឣប់រំ យុវជន និងកីឡាខេត្តកំពង់ធំ សមាជិកសមាជិកាគណ:កម្មាធិការ អនុសាខា លោកនាយក នាយករង ទីប្រឹក្សាយុវជន លោកគ្រូឣ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះឯកឧត្តម ជា វាន់ចាន់ បានថ្លែងការកោតសរសេីរចំពោះក្រុមយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរឯកឧត្តម ជា វាន់ចាន់ លេខាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្តាំផ្ញើដល់ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជាត្រូវ÷ ខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ចៀសវាងការប្រើប្រាស់អំពើហិង្សា ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ ចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។
យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យទ្រៀល បានធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ១.ខិតខំអនុវត្តឱ្យបានល្អ វិន័យ បទបញ្ជា របស់យុវជនកាកបាទក្រហមកម្ពុជា។ ២.ប្រកាន់ខ្ជាប់នូវស្មារតី សាមគ្គីភាពរវាងគ្នា និងគ្នារវាងយុវជនកាកបាទក្រហមកម្ពុជា និងយុវជនដ៏ទៃទៀត។ ៣.ខិតខំរៀនសូត្រយកចំណេះវិជ្ជា ដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ មិត្តល្អ ពលរដ្ឋល្អមិនធ្វើអំពើអសីលធម៌ផ្សេងៗ ដែលនាំឱ្យអ្នកមានគុណពិបាកចិត្ត និងមានទុក្ខ។ ៤.អនុវត្តក្រមសីលធម៌ មិត្តអប់រំមិត្ត មិនបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងអំពើមិនល្អ មានល្បែងពាលា គ្រឿងញៀន ក្មេងទំនើង។ ៥. មិនប្រើឯកសណ្ឋាននេះដើម្បីគ្រាន់តែល្អមើល បង្អួតគេឯងឡើយ គឺប្រើក្នុងបេសកកម្មរបស់ខ្លួនជាយុវជនកាកបាទក្រហម បេះដូងមនុស្សធម៌បរិសុទ្ធថ្លៃថ្លា ជួយដល់អ្នករងគ្រោះងាយរងគ្រោះបំផុត។ ៦.ចូលរួមធ្វើសកម្មភាពជាក់ស្តែង ដូចជា៖សុវត្ថិភាពចរាចរណ៍ អនាម័យ បរិស្ថាន អប់រំថែទាំសុខភាព ដល់សហគមន៍ ចូលរួមចំណែកចំណែកទប់ស្កាត់អំពើអសីលធម៌ក្នុងសង្គម ដូចជាគ្រឿងញៀន ក្មេងទំនើងអំពើហិង្សា ព្រមទាំងចូលរួមដាំ និងថែរក្សាដើមឈើ។
សូមបញ្ជាក់ផងដែរថា សម្រាប់អាវ មួក និងកន្សែង ជាអំណោយរបស់ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា តាមរយៈលោក ហាក់ ម៉ុងហួតអភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក។















































