(អូស្លូ)៖ អ៊ុយក្រែន និងម៉ុលដាវី នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយសម្រាលស្ថានការណ៍ជុំវិញការអះអាងរបស់នាយករដ្ឋមន្ត្រី ន័រវែសដែលថាយន្ដហោះមួយគ្រឿងដឹកលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៊ិះតែត្រូវបានវាយប្រហារដោយដ្រូនមួយគ្រឿង អំឡុងការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងអូស្លូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Store បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋន័រវែស NRK ថាយន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូនមួយគ្រឿង នៅពេលហោះឡើងចេញពីប្រទេសម៉ុលដាវី។ ក៏ប៉ុន្តែ ប្រភពមួយពីវិមានប្រធានាធិបតីអ៊ុយក្រែនបានចាត់ទុកថាការអះអាងថាលោក ហ្សេលេនស្គីស្ថិតក្នុងគ្រោះថ្នាក់ គឺជាការនិយាយបំផ្លើសផ្ទុយពីការពិត។ ប្រភពនេះដដែលបានប្រាប់ AFP ថា«វាគ្រាន់តែជាការប្រកាសអាសន្នក្នុងប្រទេសម៉ុលដាវី នៅពេលដ្រូនរុស្ស៉ីមួយគ្រឿងហោះចូលដែនអាកាសម៉ុលដាវី និងរូម៉ានីតែប៉ុណ្ណោះ»។
នៅក្នុងទីក្រុងជីស៊ីណូ អ្នកនាំពាក្យរដ្ឋាភិបាលម៉ុលដាវី លោក Dumitru Ciorici បានឱ្យដឹងថាម៉ុលដាវីបានបិទដែនអាកាសរបស់ខ្លួនកាលពីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ ដោយសារតែមានដ្រូនរុស្ស៉ីមួយគ្រឿងបានចូលក្នុងដែនអាកាសម៉ុលដាវី ក្នុងទិសដៅហោះចេញពីអ៊ុយក្រែន។ «ដែនអាកាសត្រូវបានបិទបណ្ដោះអាសន្នដើម្បីការពារយន្ដហោះដែលកំពុងហោះហើរក្នុងដែនអាកាសម៉ុលដាវី ដែលធ្វើឱ្យជើងហោះហើរចាកចេញចំនួន៣ និងជើងហោះហើរមកដល់ចំនួន៤ ត្រូវបានពន្យារពេល»។ នេះជាការបញ្ជាក់របស់លោក Ciorici។ អ្នកនាំពាក្យរូបនេះបន្ថែមថា ដ្រូននោះបានធ្លាក់ និងបានផ្ទុះនៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិជីស៊ីណូ។ ការរឹតត្បិតត្រូវបានលុបចោល ហើយជើងហោះហើររបស់លោក ហ្សេលេនស្គីបានហោះចាកចេញ យឺតបន្តិចមុនកាលកំណត់។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងអូស្លូ កាលពីល្ងាចថ្ងៃអង្គារ និងបានជួបពិភាក្សាជាមួយលោក Store រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Jens Stoltenberg រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Espen Barth Eide អំពីការផ្ដល់ជំនួយរបស់ន័រវែស ក្នុងនោះរួមមានប្រព័ន្ធការពារដែនអាកាស និងជំនួយស៊ីវិល។ កាលពីថ្ងៃពុធ លោក ហ្សេលេនស្គី ក៏បានចូលរួមព្រះរាជពិធីបុណ្យសពរបស់ព្រះមហាក្សត្រន័រវែស King Harald ដែលបានសាយទិវង្គតកាលពីថ្ងៃទី២៨ ខែសីហា នៅព្រះជន្ម ៨៩វស្សា។
តាមលោក Store លោក ហ្សេលេនស្គីបានចាកចេញពីន័រវែស ហើយបានបន្តដំណើរឆ្ពោះទៅកាន់កាណាដា៕





























