
ខេត្តកំពង់ធំ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរងផលប៉ះពាល់ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ។
ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ជា វ៉ាន់ចាន់ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានយកចិត្តទុកដាក់គាំទ្រ និងពង្រឹងសមត្ថភាពដល់តួអង្គប្រតិបត្តិនៅថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យការអនុវត្តកម្មវិធីជំនួយសង្គមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្តមបានកោតសរសើរចំពោះសាខាមូលនិធិជាតិជំនួយសង្គមខេត្ត មន្ទីរជំនាញ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងប្រតិបត្តិករនៅមូលដ្ឋាន ដែលបានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវ ជាពិសេសការផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

ឯកឧត្តម ជា វ៉ាន់ចាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។
ការអនុវត្តកម្មវិធីជំនួយសង្គមទាំងនេះ មានគោលដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជួយដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំរុញការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំនឹងបន្តគាំទ្រ ជំរុញ ពិនិត្យ តាមដាន និងសម្របសម្រួលការអនុវត្តកម្មវិធីនៅក្នុងមូលដ្ឋាន ដើម្បីធានាថា ប្រជាពលរដ្ឋដែលស្ថិតក្នុងក្រុមគោលដៅទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាលបានគ្រប់គ្រាន់ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះ ក៏មានគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រី និងប្រតិបត្តិករពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕អត្ថបទលោក អ៊ុត ដាវីត ៕









































