រុស្ស៉ី វាយប្រហារលើស្ថានីយប្រេងក្នុងរដ្ឋធានីកៀវ និងរោងចក្រអាមេរិកនៅក្រុង Dnipro បណ្តាលឱ្យមនុស្សស្លាប់ និងរបួស

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា កងទ័ពរុស្ស៉ីបានបើកការវាយប្រហារលើស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងរដ្ឋធានីកៀវ និងរោងចក្រកែច្នៃកសិផលរបស់ក្រុមហ៊ុនអាមេរិក Bunge ក្នុងទីក្រុង Dnipro ដោយបានសម្លាប់មនុស្ស ២នាក់ និងរបួសជាច្រើននាក់ទៀត ខណៈដែលទីក្រុងមូស្គូបន្តបង្កើនការវាយប្រហារលើគោលដៅសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ការវាយប្រហារដោយដ្រូនលើស្ថានីយប្រេង Ukrnafta ក្នុងរដ្ឋធានីកៀវ បានបណ្តាលឱ្យមនុស្ស ៤នាក់រងរបួស ខណៈថ្នាក់ដឹកនាំក្រុមហ៊ុននេះបានចាត់ទុកថាជាការបំភិតបំភ័យមកលើប្រជាជនស៊ីវិល។ ដោយឡែកនៅទីក្រុង Dnipro ការវាយប្រហារលើរោងចក្រផលិតប្រេងផ្កាឈូករ័ត្នរបស់ក្រុមហ៊ុនអាមេរិក Bunge បានសម្លាប់មនុស្ស ២នាក់ និងរបួស ៥នាក់ ដែលរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានចោទប្រកាន់ថា ជាចេតនារបស់រុស្ស៉ីក្នុងការកំណត់គោលដៅកម្ទេចអាជីវកម្ម និងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទាំងរុស្ស៉ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារសងសឹកគ្នាទៅវិញទៅមកលើបណ្តាញភស្តុភារកម្ម ឃ្លាំងស្តុកទំនិញ និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីកាត់ផ្តាច់ប្រភពផ្គត់ផ្គង់សង្គ្រាមរបស់ភាគីម្ខាងៗ៕