(វ៉ាស៊ីនតោន)៖ មន្ត្រីសហរដ្ឋអាមេរិក បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៉ីរ៉ង់កាលពីដើមសប្តាហ៍នេះ បានបង្កការខូចខាតដល់យន្តហោះយោធាអាមេរិកជាច្រើនគ្រឿង នៅឯមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

យន្តហោះដែលរងការខូចខាត រួមមានយន្តហោះវាយប្រហារធុន A-10 Thunderbolt II មួយគ្រឿងដែលបានរងការវាយប្រហាររហូតដល់បាក់ស្លាប និងយន្តហោះចម្បាំង F-15 ប្រមាណ ៨គ្រឿងទៀត ដែលរងការខូចខាតស្រាល ប៉ុន្តែត្រូវបានជួសជុលដាក់ឱ្យដំណើរការឡើងវិញ។ កងទ័ពអាមេរិកបានបាញ់គ្រាប់មីស៊ីលស្ទាក់ចាប់ Patriot ប្រមាណ ៣០គ្រាប់ ដើម្បីទប់ទល់នឹងការវាយប្រហារនេះ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងពីការថយចុះនៃស្តុកមីស៊ីលការពារដែនអាកាស ខណៈដែលក្រុមអ្នកជំនាញប៉ាន់ប្រមាណថា អាមេរិកបានប្រើប្រាស់អស់ប្រមាណ ៦៥ភាគរយ នៃស្តុកមីស៊ីល Patriot របស់ខ្លួនរួចទៅហើយ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអាមេរិកបានកម្ទេចកប៉ាល់ដឹកប្រេងឆៅរបស់អ៉ីរ៉ង់ចំនួន ៥គ្រឿង ជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលលើនាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ខណៈចាប់តាំងពីសង្គ្រាមរវាងភាគីទាំងពីរបានផ្ទុះឡើងកាលពីខែកុម្ភៈ កងទ័ពអាមេរិកចំនួន ១៨នាក់បានបាត់បង់ជីវិត និងជាង ៨០០នាក់បានរងរបួស៕




























