វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មានដែលមានរយៈពេល៣ថ្ងៃនោះត្រូវបានបិទបញ្ចប់ជាស្ថាពរហើយ

រាជនីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ម្សិលមិញនេះ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៃទីស្តីការក្រសួងព័ត៌មាន វគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ ស្តីពី “ការលើកកម្ពស់កម្រិតការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន” ដែលមានសិក្ខាកាមចូលរួមប្រមាណជា ២៧២ រូប ត្រូវបានប្រារព្ធពិធីបិទបញ្ចប់យ៉ាងជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីការអាន របាយការណ៍បូកសរុបលទ្ធផលដោយ ឯកឧត្តម ឆាយ សុផលរួចមក។

ស្ថិតក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការកោតសរសើរ ដល់ គ្រូបង្គោល និងសិក្ខាកាមទាំងអស់ដែលបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តមបានធ្វើការ ផ្ដាំផ្ញើឱ្យសិក្ខាកាមយកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល យកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមក្រោមសីលធម៌និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ស្ថិតនៅក្នុងឱកាសលោកដែរឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន។ លើកឡើងយ៉ាងស៊ីជម្រៅអំពី បញ្ហាប្រឈមសំខាន់ៗចំនួន ៥ ក្នុងវិស័យសារព័ត៌មានក្នុងសម័យឌីជីថល ដែលអ្នកសារព័ត៌មានទាំងអស់ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់៖ ចំណុចប្រឈម និងការផ្ដាំផ្ញើទាំង ៥ របស់ឯកឧត្តមរដ្ឋមន្ត្រី ដល់អ្នកសារព័ត៌មាន៖
១. ការផ្សព្វផ្សាយព័ត៌មានលឿនៗ ជាងការផ្ទៀងផ្ទាត់។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ការប្រកួតប្រជែងគ្នាចេញផ្សាយព័ត៌មានឱ្យបានលឿនគឺជារឿងសំខាន់ ប៉ុន្តែភាពលឿននេះមិនត្រូវលឿនជាងការផ្ទៀងផ្ទាត់ប្រភព និងភាពត្រឹមត្រូវនោះឡើយ។ ព័ត៌មានរហ័សតែគ្មានការពិត នឹងនាំឱ្យបាត់បង់ទំនុកចិត្តពីសាធារណជន។
២. ការប្រកួតប្រជែងទាក់ទាញអ្នកមើល ជាងការកសាងអ្នកតាមដាន៖

អ្នកសារព័ត៌មានត្រូវបង្វែរការចាប់អារម្មណ៍ពីការបង្កើតចំណងជើងទាក់ទាញភ្នែក ឬការប្រជែងគ្នារកចំនួនអ្នកចូលទស្សនា បណ្ដោះអាសន្ន មកជាការកសាងក្រុមអ្នកតាមដានប្រកបដោយគុណភាព តាមរយៈការផ្ដល់ជូននូវខ្លឹមសារព័ត៌មានដែលមានតម្លៃ និងប្រភពច្បាស់លាស់។

៣. ការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ដើម្បីខ្លីបបន្លំមុខមាត់ សំឡេង និងបង្កើតព័ត៌មានក្លែងក្លាយ៖ ការរីកចម្រើននៃបច្ចេកវិទ្យា AI គឺជាឧបសគ្គនិងជាបញ្ហាប្រឈមដ៏ធំ នៅពេលដែលវាត្រូវបានយកមកបន្លំបង្កើតរូបភាព សំឡេង ឬព័ត៌មានក្លែងក្លាយ (Deepfake)។ ឯកឧត្តមបានក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យមានស្មារតី្នរិះគន់ និងប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការពិនិត្យផ្ទៀងផ្ទាត់រាល់មាតិកាដែលប្រើប្រាស់បច្ចេកវិទ្យានេះ។

៤. ការលាយឡំរវាងព័ត៌មានពិត និងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្ម៖ ភាពច្របូកច្របល់រវាងការសរសេរអត្ថបទសារព័ត៌មានសុទ្ធសាធ និងការបង្កប់ខ្លឹមសារពាណិជ្ជកម្ម ឬផ្សាយពាណិជ្ជកម្មដោយមិនមានការបែងចែកឱ្យបានច្បាស់លាស់ គឺជាការបំពានក្រមសីលធម៌ និងធ្វើឱ្យប៉ះពាល់ដល់ភាពស្មោះត្រង់វិជ្ជាជីវៈ។
៥. ការខ្វះការត្រួតពិនិត្យមុនផ្សាយ ការធ្វើកិច្ចការច្រើនមុខតួនាទីក្នុងពេលតែមួយ ៖
បញ្ហានេះកើតឡើងនៅពេលដែលបុគ្គលម្នាក់ដើរតួនាទីច្រើនលើសលប់ក្នុងពេលតែមួយ ពោលគឺត្រូវធ្វើជាអ្នកថតផង អ្នកអត្ថាធិប្បាយផង នាយកនិពន្ធផង អ្នកកាត់តផង និងជាអ្នកសម្រេចចិត្តលើខ្លឹមសារផ្សាយដោយគ្មានការពិនិត្យជាន់គ្នា (Cross-check) ដែលងាយរងគ្រោះថ្នាក់ និងបង្កឱ្យមានកំហុសឆ្គងដោយអចេតនា។
ឆ្លងកាត់តាមរយៈបញ្ហាប្រឈមទាំង ៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី បាន សង្កត់ធ្ងន់ ថា៖ បញ្ហាប្រឈមទាំងអស់មិនស្ថិតនៅលើបច្ចេកវិទ្យាខ្លួនឯងនោះទេ ប៉ុន្តែវាស្ថិតនៅលើ (របៀបដែលមនុស្សយើងប្រើប្រាស់បច្ចេកវិទ្យា)។ ដូច្នេះ មនុស្សម្នាក់ៗត្រូវមានភាពជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់ AI និងខ្លឹមសាររាល់សេចក្តីរាយការណ៍ដែលខ្លួនបានផ្សព្វផ្សាយ។
ជាមួយគ្នានេះដែរ សីលធម៌វិជ្ជាជីវៈ ត្រូវតែជាមូលដ្ឋានគ្រឹះនៃទំនុកចិត្ត ដែលអ្នកសារព័ត៌មានគ្រប់រូបត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់ពេញមួយដំណើរការការងាររបស់ខ្លួន ចាប់តាំងពីការចាប់ផ្ដើមទទួលបានព័ត៌មាន ការផ្ទៀងផ្ទាត់ រហូតដល់ដំណាក់កាលនៃការផ្សព្វផ្សាយបញ្ចប់សព្វគ្រប់ ដើម្បីធានាបាននូវសុវត្ថិភាពសង្គម គុណភាព និងភាពជឿជាក់ខ្ពស់បំផុតពីប្រជាពលរដ្ឋ៕ដោយ នីណា ញូស៍