
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងក្របខណ្ឌការអនុវត្តការជំរុញបង្កើតការថែទាំសុខភាពបឋម ហៅកាត់ថា ក.ជ.ថ.ស.ប ខេត្តកំពង់ធំ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ នៅថ្ងៃអង្គារ០១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទោន នៃរដ្ឋបាលខេត្តកំពង់ធំ។។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្តបានលើកឡើងពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើការពិនិត្យ និងព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា។ ជាមួយគ្នានេះ មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ត្រូវបន្តពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ។
ឯកឧត្តម ហាន កុសល បានជំរុញឱ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាពយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺគ្រប់រូប ដោយត្រូវផ្តល់ការពិនិត្យ និងព្យាបាលប្រកបដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងពង្រឹងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលដែលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួន ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពសមស្រប។

ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហការរវាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ទីរពេទ្យ មណ្ឌលសុខភាព ក្នុងការជួយសម្របសម្រួល និងបញ្ជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពទៅទទួលការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។ កិច្ចសហការនេះជាកត្តាសំខាន់ក្នុងការធានាឱ្យអ្នកជំងឺអាចទទួលបានសេវាសុខាភិបាលសមស្រប និងកាត់បន្ថយការយឺតយ៉ាវក្នុងការទទួលការព្យាបាល។ ការពង្រឹងការអនុវត្តការងាររបស់ក្រុមការងារ ក.ជ.ថ.ស.ប ក៏ជាចំណុចសំខាន់មួយក្នុងការជំរុញការថែទាំសុខភាពបឋមនៅក្នុងខេត្តកំពង់ធំ ដោយទាមទារឱ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងការយកចិត្តទុកដាក់លើការបំពេញតួនាទីភារកិច្ចរៀងៗខ្លួន។ តាមរយៈកិច្ចប្រជុំនេះ ការជំរុញឱ្យមន្ទីរពេទ្យ មណ្ឌលសុខភាព និងមន្ទីរ អង្គភាពពាក់ព័ន្ធបង្កើនកិច្ចសហការគ្នា គឺជាទិសដៅសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងធានាឱ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងទាន់ពេលវេលា។ អត្ថបទលោក ធូ កែវមុន្នី



































