
រាជធានីភ្នំពេញ៖ នៅក្នុងវគ្គបណ្ដុះបណ្ដាលបន្តថ្ងៃទី២ នៃកម្មវិធីពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ស្ដីពីវិជ្ជាជីវៈ និងក្រមសីលធម៌ បានគូសបញ្ជាក់យ៉ាងច្បាស់ថា សេរីភាពសារព័ត៌មានគឺជាគ្រឹះដ៏សំខាន់នៃសង្គមប្រជាធិបតេយ្យ ប៉ុន្តែសេរីភាពនេះ មិនមែនជាសេរីភាពឥតព្រំដែនដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល និងការបំពានច្បាប់នោះឡើយ។

វាគ្មិនជំនាញបានផ្ដល់អនុសាសន៍គន្លឹះដ៏មានតម្លៃសម្រាប់អ្នកសារព័ត៌មានគ្រប់រូបថា៖អ្នកសារព័ត៌មាន ធ្វើអ្វីក៏ធ្វើទៅ សរសេរអ្វីក៏សរសេរទៅ ប៉ុន្តែកុំឲ្យប៉ះពាល់សិទ្ធិអ្នកដទៃ និងរំលោភច្បាប់។
សារបណ្តាំនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតុល្យភាពរវាង សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង ការគោរពសិទ្ធិមនុស្ស ក៏ដូចជាបទបញ្ញត្តិច្បាប់ជាធរមាន ដែលជាស្តង់ដារអន្តរជាតិសម្រាប់វិស័យសារព័ត៌មានអាជីព។

ការគោរពសិទ្ធិបុគ្គល និងឯកជនភាព
អ្នកសារព័ត៌មានមានសិទ្ធិពេញលេញក្នុងការស្វែងរកព័ត៌មាន ស៊ើបអង្កេត និងផ្សាយផ្ទាយការពិត។ ប៉ុន្តែ ត្រូវជៀសវាងការជាន់ឈ្លីសិទ្ធិឯកជនកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសជនរងគ្រោះ ស្ត្រី និងកុមារ។
គោលការណ៍ ភាពគ្មានកំហុសជាមុន ត្រូវតែរក្សាទុកជានិច្ច មុនពេលមានសេចក្ដីសម្រេចជាស្ថាពររបស់តុលាការ។
ការប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌច្បាប់:
សេរីភាពសារព័ត៌មានមិនមែនជាអភ័យឯកសិទ្ធិក្នុងការប្រព្រឹត្តល្មើសច្បាប់នោះឡើយ។ រាល់ការផ្សព្វផ្សាយព័ត៌មានត្រូវស្ថិតក្រោមក្របខ័ណ្ឌច្បាប់ស្ដីពីរបបសារព័ត៌មាន ច្បាប់ព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបរិហារកេរ្ដិ៍ ឬការញុះញង់ និងច្បាប់ជាតិ-អន្តរជាតិផ្សេងៗទៀត។
ការទទួលបានព័ត៌មានត្រូវធ្វើឡើងតាមមធ្យោបាយសុចរិត ដោយមិនត្រូវប្រើប្រាស់វិធីសាស្ត្រខុសច្បាប់ដើម្បីទាញយកព័ត៌មាននោះឡើយ។

ការផ្ទៀងផ្ទាត់ និងការពិត ព័ត៌មាន គឺទាមទារការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ ភាពអព្យាក្រឹត និងការផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបានបកស្រាយ មុននឹងសម្រេចចិត្តផ្សព្វផ្សាយ។
ការយល់ដឹងច្បាស់លាស់អំពីដែនកំណត់នេះ មិនត្រឹមតែជួយការពារអ្នកសារព័ត៌មានពីការប្រឈមមុខនឹងផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកម្ពស់ ទំនុកចិត្តសាធារណៈ និងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មានឱ្យកាន់តែប្រសើរឡើងថែមទៀតផង៕ដោយ នីណា ញូស៍


































