លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula

(SAO PAULO)៖ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាជ័យជម្នះដ៏ភ្នាក់ផ្អើលមួយរបស់ប្រធានាធិបតីឆ្វេងនិយមសព្វថ្ងៃរបស់ប្រេស៊ីល លោក Luiz Inacio Lula da Silva នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មើលទៅដូចជាការបោះឆ្នោតមួយត្រូវបានលួចបន្លំ បើទោះជាគណបក្សរបស់បេក្ខជនស្ដាំនិយមចាញ់ឆ្នោត លោក Flavio Bolsonaro បានទទួលស្គាល់លទ្ធផលបោះឆ្នោតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កូនប្រុសរបស់អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro គឺលោក Flavio Bolsonaro បានបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ដោយនិយាយថារូបលោកនឹងតវ៉ាទាមទារឱ្យមានការលុបចោលជ័យជម្នះរបស់លោក Lula បន្ទាប់ពីតុលាការកំពូលពន្យារពេលបិទការិយាល័យបោះឆ្នោតរយៈពេល២ម៉ោង។ តែទោះជាបែបនេះក្ដី គណបក្ស Liberal Party របស់លោក Bolsonaro កាលពីថ្ងៃចន្ទបានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីជុំទី២ នៅក្នុងសេចក្ដីរាយការណ៍មួយត្រូវបានចុះហត្ថលេខាដោយប្រធានគណបក្ស លោក Valdemar Costa Neto។ «យើងទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតី។ ប៉ុន្តែយើងជឿថាបញ្ហាដែលត្រូវបានលើកឡើងគួរតែមានការបញ្ជាក់ឱ្យច្បាស់លាស់»។ នេះជាការគូសបញ្ជាក់របស់លោក Costa Neto។

លោក Bolsonaro ដែលមិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈអ្វីនៅឡើយជុំវិញសេចក្ដីថ្លែងការណ៍គណបក្សរបស់លោក បាននិយាយថាកាលពីថ្ងៃចន្ទថាលោកនឹងអនុវត្តតាមបញ្ជារបស់ប៉ូលិសសហព័ន្ធដើម្បី ប្រគល់លិខិតឆ្លងដែនរបស់លោក បន្ទាប់ពីបានទៅសួរសុខទុក្ខឪពុករបស់លោកដែលកំពុងជាប់ឃុំក្នុងផ្ទះ និងបានបដិសេធថារូបលោកមិនមានផែនការចាកចេញពីប្រេស៊ីលឡើយ។

គួរបញ្ជាក់ថា លោក ត្រាំ ដែលមិនបានបង្ហាញការគំាទ្រលោក Bolsonaro ជាផ្លូវការ នៅមុនការបោះឆ្នោតនោះទេ។ ប៉ុន្តែលោកបាននិយាយថាការបោះឆ្នោតប្រធានាធិបតីមើលទៅហាក់ដូចជាត្រូវបានលួចបន្លំ បើទោះជាលោកអះអាងថាមិនបានឈរនៅខាងណាមួយក៏ដោយ៕