
(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមនិងថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញកាត់ខ្សែបូដាក់ឱ្យដំណើរការស្តង់ពិពណ៌សមិទ្ធផលនានា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងខេត្តកំពង់ចាម។
ពិធីនេះត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលជាអ្នកដឹកនាំផ្ទាល់ ក្នុងការរៀបចំការប្រណាំងទូក ការបណ្ដែតប្រទីប ការបាញ់កាំជ្រួច និងការរៀបចំស្តង់ពិពណ៌សមិទ្ធផលផ្សេងៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
ចំពោះស្តង់ពិពណ៌ដែលរៀបចំឡើងក្នុងឱកាសបុណ្យអុំទូកនៅខេត្តកំពង់ចាម ភាគច្រើនជាពិពណ៌សមិទ្ធផលរបស់មន្ទីរ-អង្គភាពជុំវិញខេត្ត ពិពណ៌ផលិតផលភូមិមួយផលិតផលមួយ និងស្តង់លក់ទំនិញផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីគណៈអធិបតី និងថ្នាក់ដឹកនាំ បានអញ្ជើញទស្សនានៅសមិទ្ធផលនានាតាមស្តង់ពិពណ៍រួច ក៏បានបន្តដំណើរអញ្ជើញបណ្ដែតប្រទីប និងអុជកាំជ្រួចផងដែរ ៕




































