រដ្ឋាភិបាលស៊ុយអែតប្រកាសបិទខ្ទប់ ChatGPT និង Claude លើកុំព្យូទ័រមន្ត្រីរាជការ ដោយសារព្រួយបារម្ភពីសន្តិសុខទិន្នន័យ

(បរទេស)៖ រដ្ឋាភិបាលស៊ុយអែត (Government Offices of Sweden) បានសម្រេចផ្អាក និងបិទខ្ទប់ការចូលប្រើប្រាស់កម្មវិធី AI Chatbot ធំៗចំនួនពីរគឺ ChatGPT របស់ OpenAI និង Claude របស់ Anthropic នៅលើកុំព្យូទ័រធ្វើការរបស់មន្ត្រី និងបុគ្គលិករដ្ឋាភិបាលទាំងអស់ ចាប់ពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។

យោងតាមការរាយការណ៍របស់បណ្តាញសារព័ត៌មាន Sveriges Radio (Ekot) និង SVT នាយកដ្ឋានព័ត៌មានវិទ្យា និងការប្រែក្លាយជាឌីជីថលនៃរដ្ឋាភិបាលស៊ុយអែត បានបញ្ជាក់ថា ការបិទខ្ទប់នេះធ្វើឡើងបន្ទាប់ពីរកឃើញហានិភ័យជុំវិញ «បច្ចេកវិទ្យា Shadow IT» និងបញ្ហាសន្តិសុខព័ត៌មាន (Information Security)។ ការបញ្ជូនទិន្នន័យ ឬឯកសារផ្ទៃក្នុងរបស់រដ្ឋទៅកាន់ប្រព័ន្ធ AI គ្មានការគ្រប់គ្រងផ្លូវការ អាចបណ្តាលឱ្យលេចធ្លាយព័ត៌មានសម្ងាត់ជាតិ និងព័ត៌មានបុគ្គល។

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកព័ត៌មានវិទ្យានៃរដ្ឋាភិបាលស៊ុយអែត បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប្រព័ន្ធ AI ដែលគ្មានកិច្ចព្រមព្រៀងការពារទិន្នន័យច្បាស់លាស់ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខព័ត៌មានរបស់ជាតិ។

ទោះបីជាយ៉ាងណា វិធានការនេះមិនមែនជាការហាមឃាត់ AI ទាំងស្រុងនោះទេ ដោយ Microsoft Copilot នៅតែត្រូវអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងនោះមន្ត្រីរាជការស៊ុយអែតនៅតែអាចប្រើប្រាស់ Microsoft Copilot បាន ដោយសារវាស្ថិតក្រោមកិច្ចព្រមព្រៀងសុវត្ថិភាព និងការគ្រប់គ្រងទិន្នន័យអាជីវកម្មយ៉ាងតឹងរ៉ឹង។ ការប្រើប្រាស់តាមរយៈប្រព័ន្ធផ្ទៃក្នុង «Intric» ដោយបុគ្គលិកមួយចំនួនដែលមានភារកិច្ចចាំបាច់ នៅតែអាចប្រើប្រាស់ម៉ូឌែល AI ទាំងនេះបាន ប៉ុន្តែត្រូវឆ្លងកាត់ប្រព័ន្ធ Gateway ផ្ទៃក្នុងរបស់រដ្ឋឈ្មោះថា Intric ដើម្បីធានាថាទិន្នន័យមិនត្រូវ បានយកទៅហ្វឹកហាត់ម៉ូឌែលសាធារណៈឡើយ។

ចំណាត់ការរបស់ការិយាល័យរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នរដ្ឋសំខាន់ៗផ្សេងទៀតរបស់ស៊ុយអែត ដូចជា ភ្នាក់ងារពន្ធដារ និងភ្នាក់ងារថែទាំស្ថាប័នជាតិ (SiS) បានដាក់ចេញនូវវិធានការបិទខ្ទប់ AI សាធារណៈដូចគ្នានេះរួចរាល់ហើយដែរ៕