ADB អនុម័តកញ្ចប់ហិរញ្ញប្បទាន ៧២លានដុល្លារ គាំទ្រកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងបង្កើនឱកាសរកចំណូលសម្រាប់ស្ត្រីនៅជនបទ ក្នុងប្រទេសកម្ពុជា

(ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជាពង្រឹងការធ្វើកសិកម្មនៅតាមជនបទ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនភាពធន់របស់កសិករខ្នាតតូចប្រមាណ២០ម៉ឺននាក់ ក្នុងឃុំដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលានេះបានបញ្ជាក់ថា កញ្ចប់ហិរញ្ញប្បទាននេះរួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសដែលត្រូវការជំនួយបំផុតដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។

ហិរញ្ញប្បទានរបស់ ADB ត្រូវបានបំពេញបន្ថែមដោយសហហិរញ្ញប្បទានចំនួន ២៣ លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង ហិរញ្ញប្បទានឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយភាពុងរឿង និងភាពធន់ ផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈ ADB និង វិភាគទានចំនួន ៤,៣ លានដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំនិងចូលរួម ក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍ គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។»

គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រាតចូលទីផ្សារ និងធ្វើឱ្យអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ ដែលមានប្រជាពលរដ្ឋប្រមាណ ៥៩% នៃពលរដ្ឋសរុបរស់នៅ។ ស្ត្រី ដែលតំណាងឱ្យប្រមាណ ៥១% នៃកម្លាំងពលកម្មកសិកម្មរបស់កម្ពុជា នៅតែស្ថិតក្នុងចំណោមអ្នកងាយរងគ្រោះជាងគេ ដោយសារពួកគាត់មានលទ្ធភាពតិចតួចក្នុងការទទួលបានឱកាសសេដ្ឋកិច្ច ការគាំទ្រ និងហិរញ្ញប្បទាន។

គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្ម ក្នុងឃុំចំនួន ១៨៦ ក្នុងខេត្តចំនួន ៧ ដែលងាយរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ។ គម្រោងនេះនឹងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីបម្រើឱ្យផ្ទៃដីកសិកម្មចំនួន ៧.០០០ ហិកតា បន្ថែមទៀត និងស្តារឡើងវិញនូវផ្លូវប្រវែង ១៩០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់កសិករទៅនឹងទីផ្សារ ការងារ និងឱកាស ជាពិសេសសម្រាប់ស្ត្រី និងប្រជាពលរដ្ឋដែលមិនទាន់ទទួលបានសេវាគាំទ្រពេញលេញ។

គម្រោងនេះនឹងផ្តល់ឱ្យកសិករនូវការគាំទ្រផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញ និងផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការអនុវត្តវិធីសាស្រ្តប្រកបដោយភាពធន់ ក្នុងការដាំដុះដំណាំ ការធ្វើសាកវប្បកម្ម ការចិញ្ចឹមបសុបក្សីនិងសត្វល្អិត និងការធ្វើវារីវប្បកម្ម។ គម្រោងនេះនឹងផ្តល់ជំនួយឥតសំណង ដើម្បីជួយកសិករកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជីដែលនាំចូល និងបង្កើនភាពធន់របស់ពួកគាត់ទៅនឹងគ្រោះមហន្តរាយ និងវិបត្តិសកល។

គម្រោងនេះក៏នឹងលើកកម្ពស់ការធ្វើផែនការភាពធន់របស់សហគមន៍ ដែលលើកកម្ពស់ការចូលរួមយ៉ាងសកម្មដោយស្ត្រី និងពលរដ្ឋងាយរងគ្រោះ ក្នុងការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធសង្រ្គោះបឋម និងឆ្លើយតបនឹងគ្រោះមហន្តរាយក្នុងសហគមន៍ លើកកម្ពស់របបអាហារដែលផ្តល់នូវសុខភាពល្អ និងគ្រប់គ្រងគ្រោះធម្មជាតិ ក៏ដូចជាហានិភ័យគ្រោះមហន្តរាយ។

ADB គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា និងអាស៊ាន។ ក្នុងនាមជាធនាគារដ៏សំខាន់ក្នុងតំបន់ ADB គាំទ្រដល់ការវិនិយោគដែលពង្រឹងភាពធន់ កែលម្អជីវភាពរស់នៅតាមជនបទ និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅទូទាំងអាស៊ីអាគ្នេយ៍។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយ ចីរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕