កម្លាំងជំនាញចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់វាលក្រោម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំ និងសម្របសម្រួលការងារជាមួយលោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន និងលោក សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតំបន់វាលក្រោម ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ត្រង់ចំណុចខាងជើងអាងសរសរ១ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន÷ ទូកបាឡាស្មាច់ប្រវែង៥,៩ម៉ែត្រ ទទឹង០,៨ម៉ែត្រ និងជម្រៅ៣តឹកចំនួន១គ្រឿង ឧបករណ៍ឆក់ត្រីចំនួន១គ្រឿង។ អាគុយទំហំ៥០អំពែចំនួន១គ្រឿងខ្សែកាបសម្រាប់ឆក់ត្រី និងខ្សែភ្លើងប្រវែងសរុប២៥ម៉ែត្រ កន្រ្តកដួសត្រីប្រវែង៣ម៉ែត្រចំនួន២ ម៉ូតូម៉ាកវ៉េវចំនួន១គ្រឿងផងដែរ។ ចំពោះជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើស បានរត់គេចខ្លួនបាត់ មុនពេលកម្លាំងសមត្ថកិច្ចអាចឃាត់ខ្លួនបាន។

ជាមួយគ្នានេះ លោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន បានណែនាំដល់ប្រជានេសាទ និងអ្នកប្រើប្រាស់ឧបករណ៍នេសាទ ឱ្យគោរពច្បាប់ស្តីពីជលផល បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងចូលរួមថែរក្សាធនធានជលផលឱ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលសម្រាប់មនុស្សជំនាន់ក្រោយ។ អត្ថបទ សង្កាត់រដ្ឋបាលជលផលស្ទឹងសែន