ចិនប្រឆាំងអាមេរិក «បង្ខូចកេរ្តិ៍» វិទ្យាស្ថានខុងជឺ ក្រោយមន្ទីរបញ្ចកោណចាត់ទុកជាការគំរាមកំហែងសន្តិសុខជាតិ

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦នេះថា ចិនប្រឆាំងនឹង «ការបង្ខូចកេរ្តិ៍ និងការដាក់ស្លាកអាក្រក់» របស់អាមេរិកលើវិទ្យាស្ថានខុងជឺ។ ការប្រកាសនេះធ្វើឡើង ក្រោយមន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រ បានចាត់ទុកមជ្ឈមណ្ឌលវប្បធម៌ទាំងនេះថាជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។ មជ្ឈមណ្ឌលទាំងនេះ ចិនជាអ្នកផ្តល់ថវិកា ហើយមានទីតាំងនៅតាមសាកលវិទ្យាល័យអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងថា ការផ្លាស់ប្តូរផ្នែកអប់រំរវាងចិន និងអាមេរិក ផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ លោកបន្តថា ការផ្លាស់ប្តូរនេះក៏ជួយពង្រឹងការយោគយល់គ្នាទៅវិញទៅមកផងដែរ។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការដោយលាក់មុខនៅតាមសាកលវិទ្យាល័យអាមេរិក។ ដោយហេតុនេះ មន្ទីរបញ្ចកោណបានបញ្ចូលស្ថាប័នទាំងនេះ ទៅក្នុងបញ្ជីស្ថាប័នដែលគំរាមកំហែងសន្តិសុខជាតិ។ លោកថា «តាមពិតទៅ មានកោសិកាឃោសនាថ្មីៗចំនួន៨០ បានលេចចេញនៅតាមសាកលវិទ្យាល័យចំនួន៣០ ដោយប្រើឈ្មោះ និងធម្មនុញ្ញខុសៗគ្នា ប៉ុន្តែមានបេសកកម្មតែមួយ គឺលួចកម្មសិទ្ធិបញ្ញា និងជ្រៀតចូលគំនិតរបស់និស្សិតអាមេរិក»។ លោកបន្ថែមថា ក្នុងរយៈពេលពីរខែកន្លងមកនេះ ក្រសួងការពារជាតិបាន «រុះរើអង្គការទាំងនេះម្តងមួយៗយ៉ាងជាប្រព័ន្ធ»។

ចំណែកទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua កាលពីថ្ងៃអាទិត្យ បានហៅការដាក់ស្លាកនេះថា «ជាការហួសហេតុដ៏មិនសមហេតុផល»។ Xinhua ថា ការដាក់ស្លាកនេះបង្ហាញពីការគណនានយោបាយដ៏គ្រោះថ្នាក់របស់អ្នកនយោបាយអាមេរិកមួយចំនួន ដែលចង់បំផុសមនោសញ្ចេតនាប្រឆាំងចិន មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ គួរបញ្ជាក់ថា វ៉ាស៊ីនតោនបានចោទវិទ្យាស្ថានខុងជឺជាយូរមកហើយ ថាជាឧបករណ៍ឃោសនារបស់ចិន ហើយបានចាត់វិធានការជាច្រើនដើម្បីបង្ក្រាបស្ថាប័នទាំងនេះ៕