
(ខេត្តកំពង់ធំ )៖ ឯកឧត្តម ឈា ប៊ុនរិទ្ធិ បានលើកឡើងថា «អង្គបីដ៏មានសក្តានុពលក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះជាមេឃុំគឺ បេក្ខជន អង្គបោះឆ្នោតនិងក្រុមការងារ
ឯកឧត្តមឈា ប៊ុនរិទ្ធិ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងដូច្នេះ ក្នុងឱកាសបោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជាក្នុងឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំម្សាក្រង ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា បេក្ខជនគ្រប់រូបត្រូវតែជាបុគ្គលដែលសមត្ថភាពនិងគុណធម៌ផ្ទាល់ខ្លួនភាពស្មោះត្រង់ជាមនុស្សដែលមានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ មានតម្លាភាព គ្មានប្រវត្តិពុករលួយ ឬប្រព្រឹត្តអំពើអាក្រក់ក្នុងសង្គម មានគំនិតផ្តួចផ្តើម ចេះសម្របសម្រួលដោះស្រាយវិវាទមូលដ្ឋាន និងមានភាពក្លាហានក្នុងការសម្រេចចិត្តដើម្បីផលប្រយោជន៍រួម យល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងឃុំ ព្រមទាំងមានចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងត្រៀមខ្លួនជាស្រេចក្នុងការបម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនលំអៀង។

ជាមួយគ្នានេះ អង្គបោះឆ្នោតក្នុងការត្រូវមានការពិចារណាប្រកបដោយសុភវិនិច្ឆ៍យក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះជាមេឃុំគឺ វាយតម្លៃពីស្នាដៃនិងសកម្មភាពការងារកន្លងមក ថាតើបេក្ខជនធាក់ខ្លួនធ្វើការងារសង្គម ឬជួយដល់សហគមន៍អ្វីខ្លះកន្លងមក? តើគាត់ជាមនុស្សដែលពូកែស្តាប់ ឬជាមនុស្សផ្តាច់ការ ពិនិត្យមើលទំនាក់ទំនងល្អជាមួយសហគមន៍ ឬជិតស្និទ្ធជាមួយប្រជាពលរដ្ឋ យល់ពីទុក្ខលំបាក និងចេះរួមសុខរួមទុក្ខជាមួយមូលដ្ឋាន ពិនិត្យមើលសីលធម៌រស់នៅ ការប្រកបរបរចិញ្ចឹមជីវិត និងការផ្ដល់ទំនុកចិត្តពីសំណាក់អ្នកជិតខាង មិនត្រូវជ្រើសរើសដោយសារតែការស្រលាញ់បណ្តោះអាសន្ន ឬការជះឥទ្ធិពលណាមួយឡើយ ប៉ុន្តែត្រូវមើលលើលទ្ធភាពដែលគាត់អាចអភិវឌ្ឍឃុំឱ្យរីកចម្រើនបានពិតប្រាកដ។

លើសពីនេះគឺការសម្របសម្រួលនិងការសម្រេចរបស់ក្រុមការងារក្នុងការតែងតាំងបេក្ខជនដែលទទួលបានពីការបោះឆ្នោតស្ទាបស្ទង់ ហើយក្រុមការងារបានចុះស្រាវជ្រាវ និងស្តាប់មតិយោបល់ពីប្រជាពលរដ្ឋ ឬសមាជិកបក្សនៅមូលដ្ឋាន ដើម្បីដឹងថា,តើបេក្ខជនរូបណាដែលទទួលបានការគាំទ្រខ្លាំងជាងគេ និងមានប្រជាប្រិយភាពពិតប្រាកដ? ក្រោមការពិភាក្សានិងប្រជុំផ្ទៃក្នុងដើម្បីពិនិត្យបញ្ជីឈ្មោះបេក្ខជនសក្តានុពល ដោយប្រៀបធៀបលើសមត្ថភាព ក្រមសីលធម៌ និងការទទួលយកបានពីមហាជន ដោយឈរលើគោលការណ៍ តម្លាភាព និង លទ្ធិប្រជាធិបតេយ្យ ដោយតម្កល់ផលប្រយោជន៍រួម និងការឈ្នះឆ្នោតជាធំ មិនត្រូវលំអៀងទៅតាមបក្ខពួកនិយមឡើយ។
សូមបញ្ជាក់ថាឃុំបន្ទាយម្សាក្រង មានសមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន ៧រូប ហើយអង្គបោះឆ្នោតដែលត្រូវបោះឆ្នោតស្ទាបស្ទង់ថ្ងៃនេះមានចំនួន៣៩៨នាក់ ដែលបេក្ខជនឈរឈ្មោះមាន១៧រូប ហើយអង្គបោះឆ្នោតត្រូវបោះឆ្នោតជ្រើសរើសយក៧រូប។ អត្ថបទ រដ្ឋបាលស្រុកស្ទោង















































