(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានលើកយកការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកអួតអាង នៅមុនថ្ងៃបោះឆ្នោតបន្តិច។ លោកក៏បានបង្ហើបថា ប្រសិនបើលោកឈ្នះឆ្នោត មេដឹកនាំទាំងពីរអាចនឹងបើកសង្គ្រាមលើអ៊ីរ៉ង់ជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអួតអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យ អំពាវនាវឱ្យប្រជាជនអ៊ីស្រាអែលបោះឆ្នោតគាំទ្រលោក ណេតាន់យ៉ាហ៊ូ។ ក្នុងសារនោះ លោក ត្រាំ សរសេរថា «យើងត្រូវតែបញ្ចប់កិច្ចការដែលយើងបានចាប់ផ្តើម!»។ កាលពីខែកុម្ភៈ មេដឹកនាំទាំងពីររូបនេះ ធ្លាប់រួមដៃគ្នាបើកសង្គ្រាមលើអ៊ីរ៉ង់។
ថ្លែងតាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃអាទិត្យ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា មិនដែលមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីអាមេរិកណាម្នាក់ ស្និទ្ធស្នាលនឹងគ្នាដូចពេលនេះទេ។ លោកថា លោក ត្រាំ ត្រៀមខ្លួនរួចជាស្រេច ដើម្បីលុបបំបាត់ការគំរាមកំហែងពីអ៊ីរ៉ង់ជាស្ថាពរ តែលុះត្រាតែលោក ណេតាន់យ៉ាហ៊ូ នៅកាន់អំណាចតទៅទៀត។ លោកបន្តថា «ខ្ញុំបានបញ្ជាទៅទីភ្នាក់ងារស៊ើបការណ៍ Mossad និងកងទ័ពរួចហើយ ឱ្យផ្តួលរំលំរបបនេះ ព្រោះនោះជាផ្លូវតែមួយគត់ដើម្បីបញ្ចប់ការគំរាមកំហែងនេះ»។
ចំណែកសេតវិមានវិញ អនុលេខាធិការសារព័ត៌មាន លោកស្រី Anna Kelly បានឆ្លើយតបចំពោះសម្ដីរបស់លោក ណេតាន់យ៉ាហ៊ូ។ លោកស្រីថា អ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ហើយការបិទខ្ទប់របស់អាមេរិកនៅតែអនុវត្តពេញលេញ។ លោកស្រីបញ្ជាក់ថា «សហរដ្ឋអាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់ឡើយ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ» ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
គួរបញ្ជាក់ថា អតីតអគ្គសេនាធិការកងទ័ព លោក Gadi Eisenkot ជាគូប្រជែងធំបំផុតរបស់លោក ណេតាន់យ៉ាហ៊ូ និងជាអ្នកនយោបាយកណ្តាលនិយម។ លោកក៏បានសរសើរលោក ត្រាំ ថាជា «មិត្តពិតរបស់អ៊ីស្រាអែល» ដែរ។ លោក Eisenkot ជឿជាក់ថា មេដឹកនាំអាមេរិកនឹងសហការពេញលេញជាមួយមេដឹកនាំណាក៏ដោយ ដែលប្រជាជនអ៊ីស្រាអែលជ្រើសរើស៕































