សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នាំយកស្បៀងអាហារ និងសម្ភារៈ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលរងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះអស់គ្មានសល់ នៅឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងគ្រឿងសម្ភារៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅប្រគល់ជូន និងដំណើរការសាងសង់ផ្ទះថ្មីជូន ដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលរងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះអស់គ្មានសល់ ស្ថិតនៅក្នុងភូមិពាមក្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បបលោក សុទ្ធ ហ៊ន អាយុ ៦១ឆ្នាំ បានបញ្ជាក់ថា  នៅវេលាម៉ោង ១៤:៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មានអគ្គីភ័យបានឆាប់ឆេះផ្ទះរបស់គាត់ ដែលសាងសង់អំពីឈើ ជញ្ជាំង និងដំបូលប្រក់ស័ង្កសី ដែលមានទំហំ ៦ម៉ែត្រ គុណ ៧ម៉ែត្រ អស់គ្មានសល់ ដោយសារឆ្លងចរន្តអគ្គិសនី ។ លោក សុទ្ធ ហ៊ន បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នគាត់មានសមាជិកគ្រួសារចំនួន ៨ នាក់ មិនមានជម្រកស្នាក់នៅឡើយ ដោយសុំផ្ទះអ្នកជិតខាងដើម្បីស្នាក់នៅបណ្ដោះអាសន្ន នឹងបានគោរពសំណូមពរស្នើសុំដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារគាត់បានស្នាក់នៅផង ព្រោះក្រុមគ្រួសារគាត់មិនមានលទ្ធភាព ដើម្បីសាងសង់ផ្ទះបានទៀតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងនូវការសោកស្ដាយជាទីបំផុតចំពោះការបាត់បង់ជម្រកស្នាក់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាកខ្វះខាតនៅពេលនេះ  និងបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអគ្គីភ័យកុំឱ្យឆាបឆេះផ្ទះ ដែលបានសាងសង់ឡើងដោយញើសឈាម និងប្រាក់សន្សំរាប់ឆ្នាំទើបបានផ្ទះមួយខ្នង ។ ដូច្នេះ ពេលចេញដំណើរទៅក្រៅផ្ទះ ត្រូវពន្លត់ភ្លើងធូប ទៀន ឬភ្លើងចង្ក្រាន និងបិទប្រព័ន្ធអគ្គិសនីនៅក្នុងផ្ទះឲ្យបានត្រឹមត្រូវ។

នៅក្នុងឱកាសនេះ ដើម្បីឆ្លើយតបតាមសំណូមពររបស់ក្រុមគ្រួសារអតីតយុទ្ធជន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានសម្រេចឱ្យឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ដឹកនាំក្រុមជាងដំណើរការសាងសង់ផ្ទះធ្វើ​អំពីសសរ​បេតុង​ ឆ្អឹង​ដែក​ រនាប​ក្រាល​ក្តារ​ ជញ្ជាំងស្មាតប៊ត ដំបូលប្រក់​ស័ង្កសី​កិន​ភ្លី​ ដែល​មាន​ទំហំ​ ទទឹង​ប្រវែង​ ៧​ ម៉ែត្រ​ ជម្រៅ​ប្រវែង​ ៥​ ម៉ែត្រ​ មាន​តសំយ៉ាប​ផ្ទះ​បាយ​ប្រវែង​ ៣ ម៉ែត្រ​ ព្រម​ទាំង​មាន​បង្គន់​អនាម័យ​មួយ​ខ្នង​ទៀត​ ជូនអតីតយុទ្ធជន ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះនេះ ជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រួសារតីតយុទ្ធជនរបស់យើងបានរស់នៅសមរម្យ ។

លោក សុទ្ធ ហ៊ន និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រៅជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់តាំងក្រុមការងារសាងសង់ផ្ទះជូនគាត់នៅពេលនេះ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ សូមទទួលបានជ័យជំនះគ្រប់ភារកិច្ច ក្នុង​ការ​ដឹកនាំនាវាកម្ពុជាក្រោមម្លប់សុខសន្តិភាព និង​ការ​អភិវឌ្ឍ​ ឱ្យទទួលបានជោគជ័យបន្ថែមទៀត ។