ខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៃកម្មវិធី «មនសិការពលរដ្ឋល្អ»

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក ក្រុមការងារកម្មវិធី «មនសិការពលរដ្ឋល្អ» គណៈគ្រប់គ្រងសាលារៀនគោលដៅ គ្រូបង្គោល និងសមាជិក សមាជិកាក្លឹបដែលទទួលបានមេដាយមាស សរុបចំនួន ៦៥នាក់ ក្នុងនោះស្ត្រី ៣០នាក់។

កម្មវិធី «មនសិការពលរដ្ឋល្អ» គឺជាគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងកសាង និងអភិវឌ្ឍធនធានយុវជនកម្ពុជាឱ្យមានសមត្ថភាព បំណិនជីវិត គំនិតច្នៃប្រឌិត មនសិការស្នេហាជាតិ និងភាពជាពលរដ្ឋល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។ កម្មវិធីនេះក៏ផ្តោតលើការបណ្តុះគំនិតច្នៃប្រឌិត ជំនាញទន់ ភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការសម្រេចចិត្ត ជាពិសេសការជ្រើសរើសជំនាញវិជ្ជាជីវៈ ព្រមទាំងជំរុញឱ្យយុវជនចូលរួមក្នុងការងារស្ម័គ្រចិត្ត កិច្ចការសង្គម និងអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព វិបុលភាព និងសុខដុមរមនា។
ក្នុងឆ្នាំ២០២៦ កម្មវិធីនេះត្រូវបានអនុវត្តនៅរាជធានី-ខេត្តចំនួន ១២ ទូទាំងប្រទេស។ ដោយឡែក នៅខេត្តកំពង់ធំ មានវិទ្យាល័យគោលដៅចំនួន ៣ រួមមាន វិទ្យាល័យទួលក្បិល ស្ថិតក្នុងស្រុកកំពង់ស្វាយ វិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក និងវិទ្យាល័យស្ទឹងសែន ស្ថិតក្នុងក្រុងស្ទឹងសែន។ សាលារៀនទាំងនេះមានក្លឹបសិក្សាសម្រាប់សិស្សថ្នាក់ទី១០ និងថ្នាក់ទី១១ សរុបចំនួន ១២ក្លឹប គ្រូបង្គោល ១២នាក់ និងសមាជិកក្លឹបសរុប ៣១៥នាក់។

កិច្ចប្រជុំបានចាប់ផ្តើមដោយការទស្សនាវីដេអូខ្លី និងការធ្វើបទបង្ហាញរបស់ក្លឹបដែលទទួលបានជ័យលាភីមេដាយមាស ក្នុងការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ថ្នាក់ជាតិប្រចាំឆ្នាំ២០២៦។ ក្នុងនោះ ក្លឹបភ្នំបារៀង មកពីវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ដែលជាក្លឹបថ្នាក់ទី១០ បានអនុវត្តគម្រោង «ក្តីសង្ឃឹម» លើវិស័យសុខាភិបាល ខណៈក្លឹបស្ទឹងជីនិត មកពីវិទ្យាល័យទួលក្បិល ដែលជាក្លឹបថ្នាក់ទី១១ បានអនុវត្តគម្រោង «សុបិនសិស្សជនបទ» លើវិស័យអប់រំ។

បន្ទាប់មក លោក អ៊ឹម វ៉ាន់នី ប្រធានគម្រោង «មនសិការពលរដ្ឋល្អ» ខេត្តកំពង់ធំ បានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ដោយផ្តោតលើសកម្មភាពសំខាន់ៗ រួមមាន ការបង្រៀន និងរៀន កម្មវិធីជំនួបជាមួយវាគ្មិនពិសេស កម្មវិធីទស្សនកិច្ចសិក្សា និងការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ»។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីឧត្តមានុវត្តន៍ដែលក្លឹបនានាសម្រេចបាន ព្រមទាំងបង្ហាញពីសំណូមពរ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៧ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ លោកស្រី សុទ្ធ សុខនីន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានធ្វើរបាយការណ៍សង្ខេបបន្ថែមអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ជូនគណៈអធិបតី និងអង្គប្រជុំ។ សមាជិក សមាជិកាអង្គប្រជុំក៏បានចែករំលែកបទពិសោធន៍ មតិយោបល់ និងលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៦ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តកម្មវិធីនេះនៅឆ្នាំ២០២៧ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ គ្រូបង្គោល និងសមាជិក សមាជិកាក្លឹបទាំងអស់ ក្នុងការអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ»។ ឯកឧត្តមក៏បានចូលរួមអបអរសាទរចំពោះក្លឹបទាំងពីរ ដែលទទួលបានមេដាយមាសថ្នាក់ជាតិប្រចាំឆ្នាំ២០២៦ តាមរយៈការអនុវត្តគម្រោងដែលមានអត្ថន័យ និងផ្តល់អត្ថប្រយោជន៍ដល់សង្គម។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដែលជាការងារត្រូវការពេលវេលា ការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី។ ជាពិសេស ការអភិវឌ្ឍសមត្ថភាព និងជំនាញទន់របស់យុវជន ដូចជា ជំនាញប្រាស្រ័យទាក់ទង ភាពជាអ្នកដឹកនាំ ការងារជាក្រុម ការគ្រប់គ្រងពេលវេលា និងការសម្របខ្លួន គឺជាកត្តាចាំបាច់សម្រាប់ការសិក្សា ការប្រកបអាជីព និងការរស់នៅក្នុងសង្គម។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ និងក្នុងនាមឯកឧត្តមផ្ទាល់ នឹងបន្តគាំទ្រដល់ការអនុវត្តកម្មវិធីនៅតាមវិទ្យាល័យគោលដៅ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សមាជិកក្លឹប យុវជន និងសិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ បណ្តុះឆន្ទៈ និងមនសិការ ពង្រឹងការទទួលខុសត្រូវ ចូលរួមការងារស្ម័គ្រចិត្ត និងសកម្មភាពសង្គម ព្រមទាំងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តជាក់ស្តែង ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។អត្ថបទដោយ លោកអ៊ុត ដាវីត។ពេញលេញក្នុងការស្វែងរកព័ត៌មាន ស៊ើបអង្កេត និងផ្សាយផ្ទាយការពិត។ ប៉ុន្តែ ត្រូវជៀសវាងការជាន់ឈ្លីសិទ្ធិឯកជនកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសជនរងគ្រោះ ស្ត្រី និងកុមារ។
គោលការណ៍ ភាពគ្មានកំហុសជាមុន ត្រូវតែរក្សាទុកជានិច្ច មុនពេលមានសេចក្ដីសម្រេចជាស្ថាពររបស់តុលាការ។
ការប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌច្បាប់:
សេរីភាពសារព័ត៌មានមិនមែនជាអភ័យឯកសិទ្ធិក្នុងការប្រព្រឹត្តល្មើសច្បាប់នោះឡើយ។ រាល់ការផ្សព្វផ្សាយព័ត៌មានត្រូវស្ថិតក្រោមក្របខ័ណ្ឌច្បាប់ស្ដីពីរបបសារព័ត៌មាន ច្បាប់ព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបរិហារកេរ្ដិ៍ ឬការញុះញង់ និងច្បាប់ជាតិ-អន្តរជាតិផ្សេងៗទៀត។
ការទទួលបានព័ត៌មានត្រូវធ្វើឡើងតាមមធ្យោបាយសុចរិត ដោយមិនត្រូវប្រើប្រាស់វិធីសាស្ត្រខុសច្បាប់ដើម្បីទាញយកព័ត៌មាននោះឡើយ។
ការផ្ទៀងផ្ទាត់ និងការពិត ព័ត៌មាន គឺទាមទារការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ ភាពអព្យាក្រឹត និងការផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបានបកស្រាយ  មុននឹងសម្រេចចិត្តផ្សព្វផ្សាយ។
ការយល់ដឹងច្បាស់លាស់អំពីដែនកំណត់នេះ មិនត្រឹមតែជួយការពារអ្នកសារព័ត៌មានពីការប្រឈមមុខនឹងផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកម្ពស់ ទំនុកចិត្តសាធារណៈ  និងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មានឱ្យកាន់តែប្រសើរឡើងថែមទៀតផង៕ដោយ នីណា ញូស៍