
រាជធានីភ្នំពេញ៖ លោក រ៉ី នោរៀ ចាងហ្វាងគេហទំព័រសារព័ត៌មាន នីណា ញូស៍ (Nina News) ព្រមទាំងសហការី បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ចាបដើមពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ស្ដីពី ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការយល់ដឹងស៊ីជម្រៅអំពីគតិយុត្ត ដើម្បីធានាថាការចុះផ្សាយព័ត៌មាន រួមទាំងការថតរូបភាព ឬការផ្ដិតយករូបភាព គឺស្ថិតនៅក្នុងក្របខណ្ឌច្បាប់ និងគោរពសិទ្ធិបុគ្គលយ៉ាងម៉ឺងម៉ាត់។
ការយកចិត្តទុកដាក់លើសិទ្ធិបុគ្គល និងក្រមសីលធម៌វិជ្ជាជីវៈ ក្រោយពីទទួលបានវិញ្ញាបនបត្រ និងការបណ្តុះបណ្តាលថ្មីៗនេះ លោក រ៉ី នោរៀ បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយបញ្ជាក់ថា៖ លោកនិងសហការីទាំងអស់ នឹងយកចំណេះដឹង និងជំនាញដែលទទួលបានទាំងនេះ មកអនុវត្តផ្ទាល់ក្នុងអង្គភាពសារព័ត៌មាន នីណា ញូស៍ (Nina News)។
លោកបានគូសបញ្ជាក់ថា៖ ការផ្ដិតយករូបភាព ការថត និងការសរសេរអត្ថបទយកទៅចុះផ្សាយជាសាធារណៈ ត្រូវតែប្រកាន់ខ្ជាប់នូវ៖
ការគោរពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ធានាថាព័ត៌មាននីមួយៗ ពិតប្រាកដ ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់។
ការការពារសិទ្ធិបុគ្គល ជៀសវាងការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្របច្បាប់របស់បុគ្គល ឬប្រជាពលរដ្ឋទូទៅ។

លោក នោរៀ បានមានប្រសាសន៍បន្ថែមទៀតថា៖ ការអនុវត្តស្របតាមផ្លូវច្បាប់៖ ផ្សព្វផ្សាយព័ត៌មានដោយមិនរំលោភបំពានលើសិទ្ធិឯកជនភាព និងច្បាប់នានាដែលបានកំណត់។ ការលើកកម្ពស់តម្លៃវិស័យសារព័ត៌មានជាតិ។
ដូចគ្នានេះដែរ លោកស្រី ផាត់ គន្ធា ជាអ្នកជំនាញក្នុងវិស័យសារព័ត៌មានបានកត់សម្គាល់ឃើញថា ការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានតាមរយៈបណ្តុះបណ្តាលច្បាប់បែបនេះ គឺជាកាតាលីករដ៏សំខាន់ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មានដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកស្រី គន្ធា បានសង្កត់ធ្ងន់ថា៖តាមរយៈការបំពាក់បំប៉នជំនាញនេះ គេហទំព័រសារព័ត៌មាន “នីណា ញូស៍” រំពឹងថានឹងអាចបន្តផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ គុណភាព និងភាពជឿជាក់ខ្ពស់ជូនដល់សាធារណជន ដោយរក្សាបាននូវតុល្យភាពរវាងសិទ្ធិទទួលបានព័ត៌មាន និងការគោរពសិទ្ធិបុគ្គលក្នុងសង្គមជាតិ៕ ដោយ នីណា ញូស៍

































