ឯកឧត្តមហ៊ែល តូនី លើកទឹកចិត្តអង្គបោះឆ្នោតត្រូវជ្រើសរើសយកបេក្ខជនដែលយល់អធ្យាស្រ័យពីសុខទុក្ខ ជីវភាព និងមុខរបរប្រចាំថ្ងៃតែមួយគត់របស់ខ្លួន៖

(ខេត្តកំពង់ធំ ) ៖ ឯកឧត្តមហ៊ែល តូនី លើកទឹកចិត្តអង្គបោះឆ្នោតត្រូវជ្រើសរើសយកបេក្ខជនដែលយល់អធ្យាស្រ័យពីសុខទុក្ខ ជីវភាព និងមុខរបរប្រចាំថ្ងៃតែមួយគត់របស់ខ្លួន។

ឯកឧត្តមហ៊ែល តូនី អនុប្រធានក្តាប់់រួមអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកទឹកចិត្តដូច្នេះក្នុងពិធី បោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៦ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ទាំងបេក្ខជនដែលកំពុងជាប់ឈ្មោះជាមេឃុំឬក្រុមប្រឹក្សាឃុំសព្វថ្ងៃនិងបេក្ខជនថ្មីៗដែលបងប្អូនគិតថាជា បុគ្គលដែលមាន ការយល់អធ្យាស្រ័យនិងជាអ្នកដែលអាចជួយជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាពិសេសលើមុខរបរតែមួយគត់គឺមុខរបរនេសាទត្រីដែលបានបន្សល់ទុក្ខតាំងពីយូរលង់ តដូនតា ហើយដែលជាមុខរបរអ្នកនេសាទលើទឹកបឹងទន្លេសាបដែលកំពុងមានបញ្ហាប្រឈមជាមួយនឹងការបម្រែបម្រួលអាកាសធាតុនិងបរិយាកាសសកលក៏ដូចជាភាពមិនទៀងទាត់នៃរដូវកាលនិងធម្មជាតិ ជាពិសេសការប្រឈមទៅនឹងការការពារនិងអភិរក្សធនធានមច្ឆជាតិនិងត្រីកម្រដែលប្រឈមនឹងការផុតពូជ។

ឆ្លៀតក្នុងឱកាសដ៏វិសេសាលនេះឯកឧត្តមបានសម្ដែងការសាទរក្រៃលែងចំពោះការអនុវត្តច្បាប់របស់ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធនានានៅក្នុងមូលដ្ឋានឃុំពាមបាន
ដើម្បីតម្កល់ផលប្រយោជន៍ការពារអភិរក្សធនធានធម្មជាតិនិងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយមិនត្រូវប្រាសចាកឬលើសក្របខណ្ឌច្បាប់ នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍និងជីវភាពប្រជាពលរដ្ឋស្លូតត្រង់ឡើយ។

លើសពីនេះឯកឧត្តម ប្រធានក្រុមការងារ បានកោតសរសើរខ្ពស់ដល់បេក្ខជនទាំង១៥រូបដែលបានឈរឈ្មោះជាតំណាងប្រជាពលរដ្ឋនៅក្នុងឃុំពាមបានជិតមួយពាន់គ្រួសារដែលត្រូវជ្រើសរើសយកប្រាំរូបជាបុគ្គលដ៏មានសារៈសំខាន់ក្នុងការក្លាយខ្លួនជាមេឃុំនិងក្រុមប្រឹក្សាឃុំដែលជា ឪពុកម្ដាយឬអាណាព្យាបាលពលរដ្ឋទៅថ្ងៃអនាគតក្នុងការបម្រើផលប្រយោជន៍សេវាសាធារណៈនិងលើកកម្ពស់ជីវភាពពលរដ្ឋខ្លួនឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថាឃុំពាមបាង មានសមាជិកក្រុមប្រឹក្សាឃុំចំនួន ៥អាសនៈ ហើយអង្គបោះឆ្នោតនៅក្នុងឱកាសនេះមានចំនួន ១៨៧ រូបដែល បេក្ខជនមានចំនួន ១៥រូប ហើយអង្គបោះឆ្នោតត្រូវបោះឆ្នោតជ្រើសរើសយក៥នាក់។