
(តូក្យូ)៖ កម្ពុជា និងអង្គការសូកា ហ្គាក់កៃ (Soka Gakkai) នៃប្រទេសជប៉ុន បានបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តលើកកម្ពស់ចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសន្តិភាព ការអប់រំ ការផ្លាស់ប្តូរយុវជន វប្បធម៌ និងសកម្មភាពមនុស្សធម៌។
ការបង្ហាញជំហរនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយ លោក កូអ៊ិឈិ កាវ៉ាបេ (Koichi Kawabe) អនុប្រធានការិយាល័យកិច្ចការសាធារណៈនៃអង្គការសូកា ហ្គាក់កៃ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ។
នៅក្នុងឱកាសនោះ លោក កូអ៊ិឈិ កាវ៉ាបេ បានប្រគល់លិខិតអបអរសាទររបស់លោក មីណូរុ ហារ៉ាដា (Minoru Harada) ប្រធានអង្គការសូកា ហ្គាក់កៃ ជូនចំពោះកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ជាការឆ្លើយតប លោក ជុំ សុន្ទរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការដ៏ប្រពៃនេះ ព្រមទាំងបានកោតសរសើរចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងការរួមចំណែកយ៉ាងសកម្មរបស់អង្គការ ក្នុងការលើកកម្ពស់សន្តិភាព ការអប់រំ វប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ ជាពិសេសជំនួបរវាងលោក ដៃសាតុ អ៊ីកេដា (Daisaku Ikeda) អតីតប្រធានអង្គការសូកា ហ្គាក់កៃ អន្តរជាតិ ដែលបានទទួលមរណភាព ជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៅទីក្រុងប៉េកាំង កាលពីខែមេសា ឆ្នាំ១៩៨៥។ លោកឯកអគ្គរាជទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះជំនួយមនុស្សធម៌របស់អង្គការសូកា ហ្គាក់កៃ ក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ ដែលរួមមានការផ្តល់វិទ្យុជាង ២៨០.០០០ គ្រឿង ដល់ប្រជាជនកម្ពុជា ព្រមទាំងកម្មវិធីផ្លាស់ប្តូរផ្នែកអប់រំ និងសិក្សាធិការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
ក្នុងជំនួបនោះដែរ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការលើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ។ បន្ថែមលើនេះ លោកបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាំងពីឆ្នាំ២០២៣ និងបានទទួលស្គាល់តួនាទីវិជ្ជមានរបស់អង្គការនានានៅប្រទេសជប៉ុន រួមទាំងអង្គការសូកា ហ្គាក់កៃ ក្នុងការរឹតចំណងមិត្តភាព និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។
ជាចុងបញ្ចប់ លោក ជុំ សុន្ទរី បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការជួយសម្របសម្រួលការផ្លាស់ប្តូររវាងអង្គការសូកា ហ្គាក់កៃ និងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវការយោគយល់គ្នាទៅវិញទៅមក និងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត៕
































