ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

នេះជាលើកទី៤ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋ​មន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំង​ចិត្តមួយ​ដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។ ឆ្នាំ​២០២៦នេះ សម្តេចមហាបវរធិបតី បានជួបសិស្សនិទ្ទេស A ចំនួនពីរលើក។ លើកទី១ កាល​ពីថ្ងៃទី១០ ខែកុម្ភៈ ហើយលើកទី២នៅព្រឹកថ្ងៃទី២៨ ខែតុលា។ ជំនួបកាលពីថ្ងៃទី១០ ខែ​កុម្ភៈ ជាការជួបសិស្សនិទ្ទេស A ប្រឡងថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៥។ តាមធម្មតាត្រូវ​ជួប​ចុងឆ្នាំ២០២៥ តែដោយសារឆ្នាំ២០២៥ កម្ពុជា ជួបផលលំបាកពីសង្គ្រាមឈ្លាន​ពាន​របស់​ថៃ ក៏លើកមកដើមឆ្នាំ២០២៦។

សូមបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មានសិស្សប្រឡងជាប់សរុប បេក្ខជនបានប្រឡង​ជាប់​សរុប ១២៥.៩៧៥នាក់ ស្រី ៧៤.៩៨២នាក់ ស្មើនឹង ៨៤,០៦ភាគរយ។

ក្នុងនោះសិស្សទទួលបាន​និទ្ទេស A ចំនួន ២.០២២នាក់ ស្រី ១.០៨១នាក់ ត្រូវជា ៥៣,៤៦ភាគរយ, និទ្ទេស B ចំនួន ៨.៨៤៨នាក់ ស្រី ៥.៤៨៦នាក់ ត្រូវជា ៦២ភាគរយ, និទ្ទេស C ចំនួន ២៣.៤២២នាក់ ស្រី ១៥.២១៤នាក់ ត្រូវជា ៦៤,៩៦ភាគរយ, និទ្ទេស D ចំនួន​ ៤៤.៨៦៩នាក់ ស្រី ២៧.៧៤៣នាក់ ត្រូវជា ៦១,៨៣ភាគរយ និង និទ្ទេស E ចំនួន ៤៦.៨១៤នាក់ ស្រី ២៥.៤៥៨នាក់ ត្រូវជា ៥៤,៣៨ភាគរយ។

ដោយឡែកការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដែលធ្វើឡើងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ មានបេក្ខជន​មកប្រឡងសរុប ១.០៦១នាក់ ស្រី ៤០០នាក់។ ក្នុង​នោះ បេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ១.០៥១នាក់ ស្រី ៤០០នាក់ ស្មើនឹង ៩៩,០៦ភាគរយ (ស្រី ១០០ភាគរយ)។ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២២នាក់ ស្រី ១៧នាក់។

សិស្សទទួលបាននិទ្ទេស A សរុប ២.០៤៤នាក់ មកពីសាលារៀនចំនួន ៥៣៥កន្លែង។ ក្នុងនោះ សាលារដ្ឋចំនួន​ ៣៥៤ មានសិស្សនិទ្ទេស A ចំនួន ១.២៧១នាក់ និងសាលា​ឯក​ជនចំនួន១៨១ មានសិស្សនិទ្ទេស A ចំនួន ៧៧៣នាក់។

ចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤ ដែលជាឆ្នាំសិក្សា​ធ្វើកំណែទម្រង់ការ​ប្រលង​មធ្យម​សិក្សា ហៅថាបាក់ឌុប ដ៏តឹងរឹងបំផុតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា​នោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី តែងបានឆ្លៀតពីការងារដ៏មមាញឹកជួប​សំណេះ​សំណាលជាមួយសិស្សនិទ្ទេស A។ តែនៅ​ឆ្នាំសិក្សា២០១៩-២០២០ សម្តេចតេជោ ហ៊ុន សែន មានកម្ម​វិធី​​ជួបសំណេះសំណាល​នោះ​ឡើយ ព្រោះសិស្សត្រូវបានឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានការបែង​ចែក​និទ្ទេសនោះ​ឡើយ។

អប់រំ និងការបង្កើតធនធានមនុស្សជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល​កើតចេញ​ពី​គណ​បក្សប្រជា​ជន​កម្ពុជា។ នីតិកាលថ្មីបើទោះបីបក្សប្រជាជនកម្ពុជា បានផ្លាស់ប្តូរមេដឹកនាំ​រាជ​រដ្ឋា​ភិបាល​យ៉ាងណាក្តី ក៏នយោបាយអប់រំនៅតែសំខាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តនយោបាយរបស់សម្តេចតេជោ យកចិត្តទុកដាក់ខ្ពស់​លើការ​អប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ជំនួបសំណេះសំណាលរបស់​សម្តេច​ធិបតី ជាការលើកទឹកចិត្ត​ដ៏​ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ។ មិនតែ​ប៉ុណ្ណោះការផ្តល់កិត្តិយសរបស់សម្តេច​ធិប​តី ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក៏ជាចលករលើកទឹកចិត្តឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានឱកាសដ៏កម្រក្នុង​ការ​ជួបសំណេះសំណាលជាមួយប្រមុខរាជរដ្ឋាភិបាល។

ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី១៣ហើយ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើ​កំណែ​ទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមធ្វើ​កំណែ​ទម្រង់លើការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រោមពាក្យស្លោក «អ្នកចេះ គឺ​ជាប់» នៅឆ្នាំ២០១៤ ដែលជាការប្រឡងដ៏តឹងរឹង មិនអនុញ្ញាតឱ្យមានការលួច​យក​​សំណៅឯកសារផ្សេងៗចូលបន្ទប់ប្រឡង ឬលួចចម្លងគ្នានោះឡើយ។

ក្រោមការធ្វើកំណែទម្រង់ដែលមានការគាំទ្រយ៉ាងខ្លាំងក្លាពីសាធារណជននេះ នៅឆ្នាំ ២០១៤ ការប្រឡងលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ភាគរយ និងលើកទី២ បេក្ខ​ជនប្រឡងជាប់ ១៧,៩២ភាគរយ តែប៉ុណ្ណោះ និងមានបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១១នាក់។

ចំនួនបេក្ខជនប្រឡងជាប់ និងបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្ត​បន្ទាប់ រហូតដល់ឆ្នាំ២០២៦ នេះបេក្ខជនប្រឡងជាប់បានកើនដល់ ៨៤,០៦ភាគរយ និងមាន​បេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ២.០២២នាក់។

ជាមួយគ្នានេះ លទ្ធផលនៃការ​ប្រឡងជាប់របស់សិស្សថ្នាក់វិទ្យាសាស្រ្ត និងសិស្សថ្នាក់ វិទ្យាសាស្រ្តសង្គមក៏មាន​កែប្រែ​ប្រួល​ដែរ។ ជាក់ស្តែងនៅឆ្នាំ២០២៦នេះ បេក្ខជន​ថ្នាក់​វិទ្យា​សាស្ត្រ​ប្រឡងជាប់ចំនួន ៣២.៨២១នាក់ ត្រូវជា ៨៧,៨០ភាគរយ នៃចំនួនសិស្សមក​ប្រឡង និងទទួលបាននិទ្ទេស A ចំនួន ១.៧៦៦នាក់ ស្រី ៩២៧នាក់, និទ្ទេស B ចំនួន ៥.០០៥នាក់ ស្រី ២.៩២១នាក់, និទ្ទេស C ចំនួន ៧.៣៨៣នាក់ ស្រី ៤.៥៩៧នាក់។

បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមប្រឡងជាប់ចំនួន ៩៣.១៥៤នាក់ ត្រូវជា ៨២,៨១ភាគរយ នៃ​ចំនួនសិស្សមកប្រឡង និងទទួលបាននិទ្ទេស A ចំនួន ២៥៦នាក់ ស្រី ១៥៤នាក់, និទ្ទេស B ចំនួន ៣.៨៤៣នាក់ ស្រី ២.៥៦៥នាក់, និទ្ទេស C ចំនួន ១៦.០៣៩នាក់ ស្រី ១០.៦១៧នាក់។

ខាងក្រោមនេះ ជាលទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូត ដល់ឆ្នាំ២០២៦៖
១៖ ឆ្នាំ២០១៤ ការប្រឡងលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយ និងលើក ទី២ បេក្ខជនប្រឡងជាប់ ១៧,៩២ ភាគរយ។ បេក្ខជនទទួលបាននិទ្ទេស A មាន ចំនួន ១១នាក់។
២៖ ឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់ ៥៥,៨៨ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១០៨នាក់។
៣៖ ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់ ៦២,១៨ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤០៥នាក់។
៤៖ ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់ ៦៣,៨៤ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤២៤នាក់។
៥៖ ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់ ៦៧,០៧ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤០៨នាក់។
៦៖ ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់ ៦៨,៦២ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤៤៣នាក់។
៧៖ ឆ្នាំ២០២០ ដោយស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួង បានកំណត់ឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ និងមិនកំណត់និទ្ទេស។
៨៖ ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់ ៦៥,៦៥ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.៧៥៧នាក់។
៩៖ ឆ្នាំ២០២២ បេក្ខជនប្រឡងជាប់ ៧២,៣៣ ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.០៥៨នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)។
១០៖ ឆ្នាំ២០២៣ បេក្ខជនប្រឡងជាប់ ៧២,៨៩ ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.៦៩១នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់)។
១១៖ ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់ ៧៩,០០ភាគរយ និងមានបេក្ខជន ទទួលបាន និទ្ទេស A មានចំនួន ២.២២៥នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)។
១២៖ ឆ្នាំ២០២៥ បេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង ៨៤,៥៦ភាគរយ និងមានបេក្ខជន ទទួលបាន និទ្ទេស A មានចំនួន ៣.០២០នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៧នាក់)។
១៣៖ ឆ្នាំ២០២៦ បេក្ខជនប្រឡងជាប់សរុប ១២៥.៩៧៥នាក់ ស្រី ៧៤.៩៨២នាក់ ស្មើនឹង ៨៤,០៦ភាគរយ និងមានបេក្ខជន ទទួលបាន និទ្ទេស A មានចំនួន ២.០៤៤នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ២២នាក់)៕