មេដឹកនាំនវែស និងហ្វាំងឡង់ ទូរសព្ទទៅលោក ពូទីន ដើម្បីជំរុញឱ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន ខុសពីជំហរអឺរ៉ុបកន្លងមក

(ហែលស៊ីនគី)៖ ប្រធានាធិបតីហ្វាំងឡង់ លោក អាឡិចសាន់ឌឺ ស្ទូប (Alexander Stubb) និងនាយករដ្ឋមន្ត្រីនវែស លោក ចូណាស ហ្គា ស្តូរ (Jonas Gahr Stoere) បានទូរសព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ ដើម្បីជំរុញឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលជាការផ្លាស់ប្តូរទម្លាប់ដ៏យូរអង្វែងរបស់មេដឹកនាំអឺរ៉ុបខាងលិចដែលតែងផ្តាច់ការទាក់ទងដោយផ្ទាល់ជាមួយវិមានក្រឹមឡាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦។

ក្រោយជួបសន្ទនាជាមួយលោក ពូទីន និងបន្តទូរសព្ទទៅប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មេដឹកនាំទាំងពីរបានបញ្ជាក់ថាកិច្ចពិភាក្សាបានប្រព្រឹត្តទៅដោយត្រង់ទៅត្រង់មក ហើយក្នុងនាមជាប្រទេសជិតខាងរុស្ស៊ី ការបញ្ចប់សង្គ្រាមទាមទារឱ្យមានការពិភាក្សាដោយផ្ទាល់ ខណៈប្រទេសទាំងពីរនៅតែបន្តគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំ។ ផ្ទុយទៅវិញ វិមានក្រឹមឡាំងមិនបានបង្ហាញសញ្ញាធ្វើសម្បទានណាមួយឡើយ ដោយសង្កត់ធ្ងន់ថាសន្តិភាពយូរអង្វែងអាចសម្រេចបាន លុះត្រាតែគ្រប់ភាគីគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់រុស្ស៊ីទាំងស្រុងដោយឥតលក្ខខណ្ឌ ព្រមទាំងបានរិះគន់គោលនយោបាយប្រឈមមុខដាក់គ្នារបស់សហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) ថាកំពុងធ្វើឱ្យសង្គ្រាមអូសបន្លាយ។

គួរបញ្ជាក់ថា ការផ្តាច់ទំនាក់ទំនងជាមួយលោក ពូទីន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យអឺរ៉ុបបាត់បង់តួនាទីក្នុងដំណើរការចរចាសន្តិភាព ដែលបច្ចុប្បន្នដឹកនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ចំណាត់ការរបស់មេដឹកនាំហ្វាំងឡង់ និងនវែស ធ្វើឡើងស្របពេលអឺរ៉ុបកាន់តែបារម្ភថាលោក ត្រាំ កំពុងលម្អៀងទៅរករុស្ស៊ី ក្រោយពេលអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មដើម្បីទិញប្រេងម៉ាស៊ូតពីរុស្ស៊ី និងបានអំពាវនាវឱ្យអ៊ុយក្រែនផ្លាស់ប្តូរលោក ហ្សេឡេនស្គី ចេញពីតំណែង ទន្ទឹមនឹងការរអាក់រអួលនៃការចែករំលែកព័ត៌មានចារកម្ម និងអ៊ីនធឺណិតផ្កាយរណបសម្រាប់កងទ័ពអ៊ុយក្រែន៕