កាតា ជំរុញឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz និងបញ្ឈប់ការគំរាមកំហែង ដើម្បីឱ្យការសម្របសម្រួលទទួលជោគជ័យ

(ឌូបៃ)៖ អ្នកនាំពាក្យក្រសួងការបរទេសកាតា បានថ្លែងនៅថ្ងៃអង្គារនេះថា អ៊ីរ៉ង់ចាំបាច់ត្រូវបង្ហាញសុឆន្ទៈតាមរយៈការបញ្ឈប់ការគំរាមកំហែងលើបណ្តាប្រទេសអារ៉ាប់នៅឈូងសមុទ្រ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ទើបកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលអាចទទួលបានជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូកាតា ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីអារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់កាលពីដើមសប្តាហ៍នេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកផ្លូវបញ្ចប់សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានរំខានដល់ការដឹកជញ្ជូនប្រេងសកល និងរាលដាលភ្លើងជម្លោះពេញតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងការទូតទាំងនេះកើតឡើងស្របពេលក្រុមហ៊ូទីនៅយេម៉ែនបានបើកការវាយប្រហារថ្មីៗលើអារ៉ាប៊ីសាអូឌីត រហូតធ្វើឱ្យអេហ្ស៊ីបអនុម័តផ្តល់ការគាំទ្រផ្នែកការពារជាតិដល់ទីក្រុងរីយ៉ាដ។ ទន្ទឹមគ្នានេះ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ក៏កាន់តែឡើងកម្ដៅខ្លាំង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃសុក្រថា អាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ខណៈប្រភពសន្តិសុខអ៊ីរ៉ង់ទម្លាយថា ទីក្រុងតេហេរ៉ង់បានត្រៀមផែនការវាយប្រហារផ្តាច់ខ្សែកាបអុបទិកក្រោមបាតសមុទ្រនៅតំបន់ឈូងសមុទ្រ ប្រសិនបើអាមេរិក និងអ៊ីស្រាអែលហ៊ានវាយប្រហារជាថ្មី៕