លោកចាងហ្វាង គេហទំព័រ សារព័ត៌មាន អង្គភាព នីណា ញូស៍ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងសុវត្ថិភាពផ្លូវច្បាប់ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ

រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងក្រេបជញ្ជក់ចំណេះដឹង បច្ចេកទេសថ្មីៗ និងលើកកម្ពស់ការយល់ដឹងពីក្របខ័ណ្ឌគតិយុត្ត ដើម្បីជា អាវក្រោះ ការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងបេសកកម្មវិជ្ជាជីវៈ ណៈប្រតិភូអ្នកសារព័ត៌មានមកពីអង្គភាព នីណា ញូស៍ ដឹកនាំដោយលោក រ៉ី នោរៀ និង សហការី បានសម្រេចចិត្តលះបង់ពេលវេលាដ៏មានតម្លៃ និងថវិកាផ្ទាល់ខ្លួនដើម្បីមក ចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ស្ដីពី ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន។
ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈដ៏មុតស្រួច និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ អង្គភាពសារព័ត៌មាន (នីណា ញូស៍) ក្នុងការប្រកាន់ខ្ជាប់នូវភាពជាអ្នកអាជីព ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ឲ្យបានខ្ជាប់ខ្ជួនក្នុងពេលចុះយកព័ត៌មាននៅនឹងកន្លែងកើតហេតុ ឬចុះស្រាវជ្រាវរឿងហេតុផ្សេងៗនៅតាមមូលដ្ឋាន។
លោករ៉ី នោរៀ ចង់បានគេហទំព័រសារព័ត៌មាន នីណា ញូស៍ បានគូសបញ្ជាក់ថា៖ វិស័យសារព័ត៌មានសម័យទំនើប ទាមទារមិនត្រឹមតែល្បឿននៃការផ្សាយនោះទេ ប៉ុន្តែជាពិសេសគឺភាពត្រឹមត្រូវ ភាពជាអ្នកអាជីព និងការយល់ដឹងច្បាស់លាស់ពីផ្លូវច្បាប់។ ការចំណាយពេល និងថវិកាផ្ទាល់ខ្លួនមកហ្វឹកហ្វឺននាពេលនេះ គឺជាការវិនិយោគដ៏មានតម្លៃបំផុត ដើម្បីធានាថា រាល់ព័ត៌មានដែលយើងខ្ញុំផលិត និងផ្សព្វផ្សាយជូនសាធារណជន គឺជាព័ត៌មានស្តង់ដារ មានប្រភពច្បាស់លាស់ មិនប៉ះពាល់ដល់សិទ្ធិបុគ្គល និងស្ថិតក្នុងក្របខ័ណ្ឌច្បាប់កំណត់។

លោក នោរៀ បានសង្កត់ធ្ងន់ថា៖តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ក្រុមការងារ នីណា ញូស៍ រំពឹងទុកថានឹងទទួលបាននូវ៖
១.ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ វិធីសាស្ត្រថ្មីៗក្នុងការប្រមូលព័ត៌មាន ការផ្ទៀងផ្ទាត់ទិន្នន័យ និងការសរសេរអត្ថបទតាមស្តង់ដារវិជ្ជាជីវៈ។
២.សុវត្ថិភាពផ្នែកគតិយុត្ត ត្រូវស្វែងយល់ស៊ីជម្រៅពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកសារព័ត៌មាន ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីការពារខ្លួនពីហានិភ័យផ្លូវច្បាប់ផ្សេងៗក្នុងពេលបំពេញការងារ។
៣.លើកកម្ពស់ទំនុកចិត្តសាធារណជន ពង្រឹងការផ្សាយព័ត៌មានដែលពោរពេញដោយការទទួលខុសត្រូវខ្ពស់ ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់សង្គមជាតិ។

លោករ៉ី នោរៀ បានបន្ថែមថា៖ អង្គភាពសារព័ត៌មាន នីណា ញូស៍ ប្តេជ្ញាចិត្តថានឹងយកចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ មកអនុវត្ត និងចែករំលែកបន្តដល់បងប្អូនជាសហការីព័ត៌មានក្នុងអង្គភាព ដើម្បីបន្តបេសកកម្មផ្តល់ព័ត៌មានពិត ឆាប់រហ័ស និងមានគុណភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិជាបន្តទៀត៕