ចិន ស្នើដោយសម្ងាត់ឱ្យអ៉ីរ៉ង់ជួយទប់ស្កាត់ក្រុមហ៊ូទី ក្រោយមានការអំពាវនាវពីអារ៉ាប៊ីសាអូឌីត

(ឌូបៃ)៖ ប្រភពពីមន្ត្រីអ៉ីរ៉ង់បានបង្ហើបឱ្យដឹងថា ប្រទេសចិនបានស្នើដោយសម្ងាត់ទៅកាន់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ឱ្យជួយទប់ស្កាត់សកម្មភាពយោធារបស់ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន បន្ទាប់ពីមានការអំពាវនាវរកជំនួយពីសំណាក់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយពេលដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ បានបើកការវាយលុកយ៉ាងគំហុកកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពដែលដឹងឮពីរឿងនេះបានបញ្ជាក់ថា ទីក្រុងរីយ៉ាដបានងាកទៅរកជំនួយការទូតពីទីក្រុងប៉េកាំង បន្ទាប់ពីក្រុមហ៊ូទីបានរុលទៅមុខយ៉ាងលឿនតាមបណ្តោយឆ្នេរសមុទ្រក្រហម និងតំបន់ជុំវិញច្រកសមុទ្រ Bab el-Mandeb ដែលការណ៍នេះបានធ្វើឱ្យការនាំចេញប្រេង និងនាវាចរណ៍ពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត ធ្លាក់ចូលក្នុងហានិភ័យកាន់តែខ្លាំង។ ទីក្រុងប៉េកាំងចង់ឱ្យអ៉ីរ៉ង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើក្រុមហ៊ូទី ដើម្បីទប់ស្កាត់កុំឱ្យជម្លោះរីករាលដាលដល់ផ្លូវដឹកជញ្ជូនថាមពលយុទ្ធសាស្ត្រ ដែលប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក កំពុងពឹងផ្អែកយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញថា ស្ថិរភាព និងសន្តិភាពក្នុងតំបន់ អាចកើតមានទៅបាន លុះត្រាតែបញ្ចប់សង្គ្រាមរបស់អាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ជាមុនសិន។

ឆ្លើយតបនឹងការសាកសួររបស់ Reuters ក្រសួងការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសចិនមិនចង់ឃើញភាពតានតឹងក្នុងតំបន់រីករាលដាលបន្ថែមទៀតចូលទៅក្នុងប្រទេសយេម៉ែន និងសមុទ្រក្រហមនោះឡើយ។ ការកើនឡើងនៃអស្ថិរភាពក្នុងតំបន់ មិនមែនជាផលប្រយោជន៍របស់ភាគីណាមួយនោះទេ… អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានគោរព ហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំពោះជីវភាពរស់នៅរបស់ប្រជាជន មិនត្រូវក្លាយជាគោលដៅវាយប្រហារឡើយ»។

គួរបញ្ជាក់ថា ថ្វីដ្បិតតែចិនបានចេញមុខអំពាវនាវជាសាធារណៈឱ្យគ្រប់ភាគីអត់ធ្មត់ និងស្តារឡើងវិញនូវសុវត្ថិភាពនាវាចរណ៍ក៏ដោយ ប៉ុន្តែសារការទូតសម្ងាត់នេះបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះការរំខានដល់សន្តិសុខថាមពលសកលលោក៕