
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយមិនមានព្រំដែនឡើយ ហើយក៏មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយដែរ តែជាបញ្ហារួមដែលទាមទារការចូលរួមទាំងអស់គ្នា។ ផលប៉ះពាល់ដែលចេញមកពីព័ត៌មានក្លែងក្លាយ អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ការពិត ការសម្រេចចិត្ត ក៏ដូចជាបង្កើតឱ្យមានបញ្ហាផ្សេងៗនៅក្នុងសង្គម។
ការសង្កត់ធ្ងន់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសផ្តល់សម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោយបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដែលបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា បានជារាជរដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មានរួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងផ្សព្វផ្សាយនូវការពិតដើម្បីឱ្យព័ត៌មានទាំងនេះបានទៅដល់ដៃប្រជាពលរដ្ឋនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។វិធានការរបស់ក្រសួងព័ត៌មានបានសហការមួយបណ្តាប្រទេសផ្សេងៗក្នុងតំបន់ដោយក្រសួងបានកសាងនូវបណ្តាញជាមួយអ្នកសារព័ត៌មានបណ្តាញនៃរដ្ឋបាលដឹកនាំដែលអាចនឹងផ្លាស់ប្តូរនិងចែករំលែកព័ត៌មានរវាងគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងផ្ទៀងផ្ទាត់ប្រភពព័ត៌មានពិតឬក្លែងក្លាយនិងមានវិធានការការពារចំពោះព័ត៌មានក្លែងក្លាយទាំងនេះផងដែរ។
ចំពោះសកម្មភាពប្រយុទ្ធប្រឆាំងព័ត៌មាន, លោករដ្ឋមន្ត្រីនេត្រភក្ត្រាបានឱ្យដឹងថាមានជនឱកាសនិយមមួយចំនួនបានប្រើប្រាស់ព័ត៌មានក្លែងក្លាយជាគោលដៅនយោបាយគោលដៅសេដ្ឋកិច្ចគោលដៅបំផ្លាញទំនាក់ទំនងនិងកេរ្តិ៍ឈ្មោះប្រទេសឬបុគ្គលជាដើម។ដូច្នេះបុគ្គលមួយចំនួនតូចតែងតែព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ គឺមានទិសដៅតែមួយដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ឬបក្ខពួកខ្លួនតែប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងព័ត៌មានជាសេនាធិការគឺមិនទុកពេលវេលាចន្លោះច្រើនឱ្យព័ត៌មានក្លែងក្លាយដឹកមុខនោះទេ។ជាក់ស្តែងនៅពេលដែលមានការបបង្ហោះឬចែកចាយព័ត៌មានក្លែងក្លាយគឺក្រុមការងារជំនាញបានទប់ស្កាត់តាមរយៈការវាយត្រាថា «ព័ត៌មានក្លែងក្លាយ» និងបន្ទាប់មកមានការបកស្រាយរបស់មន្ត្រីជំនាញដែលពាក់ព័ន្ធលើវិស័យនីមួយៗដើម្បីពន្យល់ឱ្យច្បាស់ដល់សាធារណជនដោយទប់ស្កាត់មិនឱ្យមានការចែករំលែកបន្តនិងបញ្ជាក់ឱ្យច្បាស់ថាព័ត៌មានទាំងនេះមិនមែនជាការពិតទេ»។
ទន្ទឹមនឹងនេះដែរលោករដ្ឋមន្ត្រីនេត្រភក្ត្រាបានបញ្ជាក់ថានៅក្នុងបរិបទនេះសង្គ្រាមព័ត៌មានគឺជាសង្គ្រាមមួយដ៏ស្រួចស្រាវហើយគេអាចបង្កើតព័ត៌មានដើម្បីបំភ្លៃបំភ្លើសដែលធ្វើឱ្យប្រជាពលរដ្ឋដែលមិនបានទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយឬមិនបានផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវប្រភពផ្លូវការដែលនាំឱ្យមានការជឿទុកចិត្តលើព័ត៌មានមិនពិតឬគ្មានប្រភពច្បាស់លាស់រហូតធ្វើឱ្យមានការសម្រេចចិត្តខុសជាដើម។
លោករដ្ឋមន្ត្រីនេត្រភក្ត្រាបានលើកឡើងថាតាមរយៈវេទិកានេះ បណ្តាប្រទេសតំបន់មេគង្គ-ឡានឆាង បានរួមគ្នាផ្តល់នូវសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ព័ត៌មាន និងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីផលប្រយោជន៍ និងការយល់ដឹងកាន់តែទូលំទូលាយ។ទោះបីជាបរិបទនិងវិធីសាស្ត្រតាមប្រទេសនីមួយៗអាចមានភាពខុសគ្នាក៏ដោយប៉ុន្តែការយល់ឃើញរួមមួយបានស្តែងឡើងយ៉ាងច្បាស់គឺ៖ សុចរិតភាពព័ត៌មានទាមទារឱ្យមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់សមត្ថភាពវិជ្ជាជីវៈការចូលរួមពីសាធារណជននិងកិច្ចសហប្រតិបត្តិការ។

វេទិកានេះក៏បានបង្ហាញពីតម្លៃនៃការរៀនសូត្រពីគ្នាទៅវិញទៅមកផងដែរ។កម្ពុជាបានចែករំលែកបទពិសោធន៍របស់ខ្លួនតាមរយៈ «យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹងសាធារណៈការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយនិងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ។
ប្រទេសចិនបានចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងពាក្យចចាមអារ៉ាមការគ្រប់គ្រងបណ្តាញវេទិកាការស្វែងរកប្រភពដើមនិងការដាក់ស្លាកសម្គាល់ខ្លឹមសារដែលបង្កើតដោយ AI។
ប្រទេសវៀតណាមបានចែករំលែកបទពិសោធន៍លើយន្តការផ្ទៀងផ្ទាត់ការរាយការណ៍ពីសាធារណជនការឆ្លើយតបដោយមានកិច្ចសម្របសម្រួលនិងការស្រាយបំភ្លឺព័ត៌មានមិនពិតបានឆាប់រហ័ស៕





























