(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងមិនដាក់ពង្រាយយោធាទៅកាន់តំបន់មជ្ឈិមបូព៌ាដែលអូសប្រទេសរបស់លោកឱ្យជាប់ពាក់ព័ន្ធនឹងសង្រ្គាមអ៉ីរ៉ង់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក Lee Jae Myung ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានមួយ និងបន្ទាប់ពីសេចក្ដីរាយការណ៍ថាទីក្រុងសេអ៊ូលកំពុងពិចារណាដាក់ពង្រាយយោធាទៅកាន់ច្រកសមុទ្រ Hormuz។ យ៉ាងណាក៏ដោយ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានគូសបញ្ជាក់ថារដ្ឋាភិបាលរបស់លោកកំពុងពិចារណាថាតើគួរតែពង្រីកតួនាទីរបស់ខ្លួនក្នុងការការពារសុវត្ថិភាពធ្វើនាវាចរ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរឬក៏យ៉ាងណា?
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីថ្ងៃទី៣ ខែកញ្ញា បានរាយការណ៍ថាកូរ៉េខាងត្បូងកំពុងត្រៀមរៀបចំដាក់ពង្រាយធនធានយោធាដើម្បីទៅគាំទ្រសេរីភាពនៃការធ្វើនាវាចរ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz ហើយមានបំណងធ្វើការដាក់ពង្រាយនេះនៅមុនដំណាច់ឆ្នាំ២០២៦។
សេចក្ដីរាយការណ៍នេះទៀតសោត កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីខែសីហាថារូបលោកបានសម្រេចកាត់បន្ថយរយៈពេល និងបង្រួមការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង ក៏ព្រោះតែកូរ៉េខាងត្បូងបានដិសេធជួយ សហរដ្ឋអាមេរិកក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់៕




























