សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យក្រុមប្រតិភូអ៉ីរ៉ង់ ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យគណៈប្រតិភូអ៉ីរ៉ង់ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅក្នុងទីក្រុងញូវយ៉ក នាសប្តាហ៍ក្រោយ បើទោះបីជាមានកំពុងសង្គ្រាមដែលអូសបន្លាយចូលដល់ខែទី៧ហើយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បញ្ជាក់ថា ស្របតាមកាតព្វកិច្ចក្នុងនាមជាប្រទេសម្ចាស់ផ្ទះ គណៈប្រតិភូសំខាន់របស់អ៉ីរ៉ង់ អាចចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបាន ប៉ុន្តែចំនួនប្រតិភូនឹងមានតិចជាងឆ្នាំមុន។ អ្នកនាំពាក្យរូបនោះបន្ថែមថា ក្រុមគណៈប្រតិភូអ៉ីរ៉ង់ ក៏អាចប្រឈមមុខនឹងការរឹតបន្តឹងលើការធ្វើដំណើរ ហាមប្រាមទិញទំនិញប្រណីតៗ ក៏ដូចជាផលិតផលផ្សេងៗទៀត។ តាមប្រភពមួយដែលដឹងពីបញ្ហានេះ គណៈប្រតិភូអ៉ីរ៉ង់ អាចនឹងដឹកនាំដោយលោកប្រធានាធិបតី Masoud Pezeshkian។

គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែកញ្ញា ស្របពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ ចាប់ផ្តើមតាំងពីចុងខែកុម្ភៈមក បង្កជាសង្គ្រាមមួយរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា៕