(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ការធ្វើតេស្ដប្រព័ន្ធអាវុធថ្មីមួយដែលលោកចាត់ទុកថាជាភស្តុតាងបង្ហាញពីភាពរីកចម្រើនខាងបច្ចេកវិទ្យាយោធារបស់កូរ៉េខាងជើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសបែបនេះរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ កើតមានឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថាទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ចូលទៅក្នុងដែនទឹកនៃឆ្នេរភាគខាងកើតរបស់ខ្លួន និងដែលប្រទេសទាំង២ថ្កោលទោសថាជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពតំបន់។
តាម KCNA ការិយាល័យមីស៊ីលនៃរដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង បានធ្វើតេស្តប្រកបដោយជោគជ័យលើប្រព័ន្ធអាវុធថ្មីមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅក្រោមការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន។ KCNA មិនបានបញ្ជាក់លម្អិត ថាតើអ្វីទៅជាប្រព័ន្ធអាវុធថ្មីដែលត្រូវបានធ្វើតេស្ដនោះទេ ប៉ុន្តែបាននិយាយថាលោក គីម បានកោតសរសើរចំពោះការធ្វើតេស្តនេះដែលចាត់ទុកថាជាភស្តុតាងមួយបង្ហាញពីការធ្វើទំនើបកម្មយោធាកាន់តែរីកចម្រើនទៅមុខរបស់កូរ៉េខាងជើង និងជាពិសេសជាសារព្រមានមួយផ្ញើទៅកាន់សត្រូវរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃអាទិត្យ កើតមានឡើងតែ៨ថ្ងៃប៉ុណ្ណោះក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីករយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលក្នុងសមុទ្រខាងកើត៕




























