ប្រធានាធិបតីកូរ៉េខាងជើងលោកគីម ជុងអ៊ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាលោកនឹងជំរុញធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិនដែលជាសម្ពន្ធមិត្តដ៏សំខាន់របស់លោក ខណៈលោកកំពុងព្យាយាមដឹកនាំប្រទេសឱ្យចាកផុតពីវិបត្តិដ៏ជ្រាលជ្រៅទាក់ទងនឹងជំងឺរាតត្បាត។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA)បានឱ្យដឹងថា លោកគីមបានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងសារមួយទៅកាន់ប្រធានាធិបតីចិនលោកស៊ី ជិនភីងដើម្បីអបអរសាទរលោកក្នុងខួប ១០០ ឆ្នាំនៃការបង្កើតគណបក្សកុំម្មុយនីស្តចិន។
លោកគីមត្រូវបាន KCNA ដកស្រង់សម្តីដោយនិយាយថា”គណបក្សពលករកូរ៉េដោយមានសាមគ្គីភាពយ៉ាងរឹងមាំជាមួយគណបក្សកុំម្មុយនីស្តចិននឹងបង្កើនចំណងមិត្តភាពជាមួយចិនឱ្យដល់ចំណុចយុទ្ធសាស្ត្រថ្មីមួយដែលតម្រូវតាមពេលវេលាជាក់ស្តែងនិងដែលចង់បានពីប្រជាជននៃប្រទេសទាំងពីរ”។
ទំនងសំដៅទៅលើសហរដ្ឋអាម៉េរិក លោកគីមបាននិយាយថា “ការនិយាយបង្កាច់បង្ខូចដ៏កាចសាហាវនិងការដាក់សម្ពាធគ្រប់ទិសរបស់កម្លាំងអរិភាពមកលើគណបក្សកុំម្មុយនីស្តចិនគ្មានអ្វីក្រៅតែពីការប៉ុនប៉ងទាំងអស់សង្ឃឹមនោះឡើយ ហើយពួកគេមិនអាចត្រួតត្រាលើភាពជឿនលឿនទៅមុខរបស់ប្រជាជនចិនបាននោះឡើយ”។
សាររបស់លោកគីមកើតឡើងមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាលោកបានប្រាប់ការប្រជុំនយោបាយដ៏មានឥទ្ធិពលមួយថាភាពយឺតយ៉ាវដ៏ធ្ងន់ធ្ងរនៅក្នុងយុទ្ធនាការប្រឆាំងវីរុសកូរ៉ូណាបានបង្កឱ្យមាន “មហាវិបត្តិ”។
លោកមិនបានបញ្ជាក់លម្អិតទេប៉ុន្តែមានការសន្និដ្ឋានថាលោកគីមប្រហែលជាមានបំណងអំពាវនាវរកជំនួយអន្តរជាតិរួមទាំងជំនួយវ៉ាក់សាំង។
ប្រទេសកូរ៉េខាងជើងបានរក្សានូវវិធានការប្រឆាំងនឹងមេរោគកូរ៉ូណាដ៏តឹងរ៉ឹងបំផុតនៅលើពិភពលោករាប់បញ្ចូលទាំងការបិទព្រំដែនរយៈពេល ១ ឆ្នាំកន្លះទោះបីជាមានមន្ទិលយ៉ាងច្រើនអំពីករណីកូវីដសូន្យនៅក្នុងប្រទេសនេះក៏ដោយ។
វិធានការដ៏តឹងរ៉ឹងបែបនេះបានបំផ្លាញសេដ្ឋកិច្ចដែលកំពុងលំបាកស្រាប់របស់ខ្លួន ហើយលោកគីមបាននិយាយថាកាលពីមុនប្រទេសរបស់លោកក៏បានប្រឈមមុខនឹងស្ថានភាព “អាក្រក់បំផុតមិនធ្លាប់មាន” ដែរ។គេមិនច្បាស់ទេថាពេលណាទើបកូរ៉េ ខាងជើងបើកព្រំដែនរបស់ខ្លួនជាថ្មីជាមួយចិនហើយរហូតមកទល់ពេលនេះក៏មិនទាន់មានរបាយ ការណ៍ណាមួយដែលថាកូរ៉េខាងជើងបានទទួលវ៉ាក់សាំងនោះដែរ៕
































