រមុខការទូតកម្ពុជា ប្រាប់អ្នករាយការណ៍ពិសេសថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានប្រាប់ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសិទ្ធិ មនុស្ស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា លទ្ធិប្រជាធិបតេយ្យ មិនមែនជាការរត់ ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។

ប្រមុខការទូតកម្ពុជាបានថ្លែងបែបនេះ ក្នុងឱកាសបានទទួលជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយ លោក មុនតាប៊ន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ។ កិច្ចពិភាក្សា បានផ្តោតលើប្រធានបទ សំខាន់៣ គឺ១៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ២៖ ជំងឺកូវីដ១៩ និងផលវិបាករបស់វា ព្រមទាំង ៣៖ សិទ្ធិប្រជាធិបតេយ្យ និងពលរដ្ឋ។

តាមលទ្ធផលជំនួប ដែល ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ក្រសួងការបរទេសបានបញ្ជាក់យ៉ាង ដូច្នេះ៖ «ស្តីពីលទ្ធិប្រជាធិបតេយ្ យនិងពលរដ្ឋ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការវាយ តម្លៃណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថាតើការវាយតម្លៃនោះចេញពីប្រភពណា ហើយវា ស្ថិតនៅត្រង់ណានៅពេលនេះ។ យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃ គូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឲ្យកាន់តែជិតស្និទ្ធ»។

«លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។

រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹង និងអនុវត្តនៅក្នុងព្រំដែនច្បាប់។ ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងការ រំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្តាប់ និងបដិសេធរាល់ការ ចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ»។

ដោយចាត់ទុកខ្លួនលោកជាមិត្តល្អរបស់កម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគូសបញ្ជាក់ ពីការគោរពដ៏ជ្រាលជ្រៅចំពោះកម្ពុជា។

លោកបានសម្តែងនូវអំណរសាទរ ចំពោះកិច្ចសហប្រតិបត្តិ ការយ៉ាងទូលំទូលាយរបស់កម្ពុជានៅក្នុងយន្តការសិទ្ធិមនុស្ស ដូចជាការផ្តល់សច្ចាប័នអនុសញ្ញា អន្តរជាតិស្តីពីសិទ្ធិមនុស្សជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា យន្តការត្រួតពិនិត្យតាមកាល កំណត់និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិសេដ្ឋកិច្ចនិង សង្គម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ដែលបាន ទទួលការតែងតាំងជាអ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និង បានស្វាគមន៍ចំពោះវិធីសាស្ត្រប្រកបដោយការគោរពរបស់ លោកសាស្ត្រាចារ្យ ព្រមទាំងបានបញ្ជាក់ សារជាថ្មីពីកិច្ចសហប្រតិបត្តិការ របស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នករាយការណ៍ពិ សេស។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែរលើការរៀបចំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅ ឆ្នាំ២០២២ និង គំនិតផ្តួចផ្តើមដែលមានសក្តានុពលពាក់ព័ន្ធមួយចំនួន។

ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដោយសង្ខេប ពីវិធានការហ្មត់ចត់ និងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព និងកាត់បន្ថយ ផលប៉ះពាល់សេដ្ឋកិច្ច-សង្គមលើជនងាយរងគ្រោះ ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ការផ្តល់ ម្ហូបអាហារក្នុងអំឡុងការបិទខ្ទប់ និងការចាក់វ៉ាក់សាំង។

អាទិភាពរបស់រដ្ឋាភិបាល គឺធានាសិទ្ធិ រស់ រានមានជីវិតនិងសុខភាព រួមជាមួយស្ថិរភាពសង្គម និងសុខភាពសាធារណៈ។

ជាការ ឆ្លើយតប លោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន បានស្វាគមន៍ចំពោះការឧបត្ថម្ភសាច់ប្រាក់ និងការចាក់វ៉ាក់សាំ ងការពារ ដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។

នេះជាកិច្ចប្រជុំលើកទី៦ តាមប្រព័ន្ធវីដេអូ ដែលលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានជួបជាមួយ បណ្តាឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងអាណត្តិរបស់ លោក។ អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានជួបសន្ទនាជាមួយឥស្សរជន និងតំណាងមកពីក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងសុខាភិបាល ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងនិងយុវនីតិសម្បទា និងក្រសួងយុត្តិធម៌។

លោកសាស្រ្តាចារ្យ វិទិត បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួល ឲ្យមានការសន្ទនាដោយបើកចំហនិងប្រកបដោយការស្ថាបនា ដែលបង្ហាញពីការផ្តល់កិច្ចសហ ប្រតិបត្តិការល្អរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីរបស់លោក៕