តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថា អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល បាននិយាយថា គ្រោះទឹកជំនន់ដែលបានបំផ្លិចបំផ្លាញផ្នែកជាច្រើននៃតំបន់អឺរ៉ុប គឺជារឿងមួយដ៏រន្ធត់ បន្ទាប់ពីចំនួនអ្នកស្លាប់នៅទូទាំងតំបន់កើនដល់ ១៨៨នាក់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួន។
លោកស្រី មើគែល ធ្វើការកត់សម្គាល់ខាងលើ កំឡុងការចុះសួរសុខទុក្ខប្រជាជនរងគ្រោះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅឯទីក្រុង អាដេណូ (Adenau) ដែល រងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ដ៏សន្ធប់បំផុត មិនធ្លាប់មានក្នុងរយៈពេលជាង ៦០ឆ្នាំមកនេះ ដែលបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់នៅក្នុងប្រទេសអាល្លឺម៉ង់តែឯង។ លោកស្រី មើគែល ក៏បានសន្យាផ្ដល់ជំនួយបន្ទាន់ ហើយថារដ្ឋាភិបាលអាល្លឺម៉ង់នឹងជំរុញ ក៏ដូចជាធ្វើសកម្មភាពឱ្យបានលឿនរហ័ស ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសអាល្លឺម៉ង់ នៅតែកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកដែលបានបាត់ខ្លួននៅឡើយ ខណៈចំនួនអ្នកស្លាប់ ដោយទឹកជំនន់នៅប៊ែលហ្សិកកើនដល់ ៣១នាក់ និងបាត់ខ្លួន ១៦៣នាក់។ បណ្តាប្រទេសនៅអឺរ៉ុបដូចជា អាល្លម៉ង់ ប៊ែលហ្សិក និងហូឡង់ជាដើម សុទ្ធតែបានទទួលរងគ្រោះធម្មជាតិ ដ៏អាក្រក់កាលពីសប្តាហ៍មុននេះ ប៉ុន្តែមានតែអាល្លឺម៉ង់ និងប៊ែលហ្សិកប៉ុណ្ណោះ ដែលរងគ្រោះខ្លាំងជាងគេបំផុត៕































