


ខេត្តព្រះសីហនុ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយបង្ហាញ ថា នឹងមានភ្លៀងធ្លាក់នៅតាមខេត្តមួយចំនួន ពីតិច ទៅបង្គួរ ហើយបានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាននានា ជាពិសេសប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាព របស់ខ្លួន ក៏ដូចជានៅតាមក្រុមគ្រួសារនីមួយៗ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធាន ទឹក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ហើយស្ថានភាពបែបនេះ នឹងបណ្តាលឲ្យបណ្តាខេត្តខ្លះ ទទួលរងឥទ្ធិពលមួយចំនួន៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C។
ចាប់ពីថ្ងៃទី១៨-២០ ខែសីហា គឺនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប នឹងអាចមានភ្លៀងកម្រិតខ្សោយ។ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។
ចាប់នៅថ្ងៃទី២១-២៤ ខែសីហា នៅបណ្តាខេត្តភាគច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ ហើយថា ក៏អាចមានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀង ក្នុងកម្រិតពីបង្គួរទៅច្រើនផងដែរ។
២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងមាន សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។ ហើយថា នឹងអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ។
៣- តំបន់មាត់សមុទ្រ



– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។ ហើយនឹងអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕ ដោយ អៀង វិបុល






























