អ្នកនាំពាក្យការបរទេស បានអោយដឹងថា កុងស៊ុលខ្មែរនៅថៃ ជួយអន្តរាគមន៍បញ្ជូនពលករខ្មែរ ៨នាក់ មកមាតុភូមិវិញ

 (ភ្នំពេញ)៖ ពលករខ្មែរចំនួន ៨នាក់ មកពីតាមបណ្តាខេត្តនានា នៃប្រទេសថៃ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានធ្វើដំណើរទៅស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ដើម្បីស្នើសុំឲ្យស្ថានអគ្គ កុងស៊ុល ជួយបញ្ជូនពួកគាត់ត្រឡប់មកកម្ពុជាវិញ។

ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា បំណងចង់មាតុភូមិនិវត្តន៍វិញ របស់ពលរដ្ឋខ្មែរទាំង ៨នាក់ ដោយសារមូលហេតុ ពុំមានការងារធ្វើ។

បន្ទាប់ពីស្រង់ឈ្មោះរួច ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលបានស្នើសុំកិច្ចអន្តរាគមន៍ ទៅមន្ត្រី នគរបាលអន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរកម្ពុជា ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួល និងបញ្ជូនពលករខ្មែរខាងលើ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។ បន្ទាប់មក ពួកគាត់ក៏ត្រូវបានយកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕