អាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់ពីការអភិវឌ្ឍអាវុធរបស់ចិន ក្រោយមានរបាយការណ៍មួយថា ចិនបានតេស្តមីស៊ីលល្បឿនលឿនជាងសំលេង


 (ហ្សកហ្ស៊ី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters គឺបានបញ្ជាក់ថា រដ្ឋមន្រ្តី ក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែតុលានេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលយ៉ាងដិតដល់ពីការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបរបស់ចិន ខណៈ ដែលបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍មួយ ដែលថាទីក្រុងប៉េកាំងបាន តេស្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំលេង។

ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិនបានចេញមុខច្រានចោលរបាយការណ៍របស់សារព័ត៌មាន Financial Times ដែលថា ប្រទេសចិនបានធ្វើតេស្តបាញ់ មីស៉ីលលឿនលឿនជាងសំឡេង ដែល មានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ កាលពីខែសីហា ឆ្នាំ២០២១នេះ។

លោក Austin បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅ កាន់អតីត សាធារណរដ្ឋសូវៀតហ្សកហ្ស៊ីថា «យើងឃ្លាំមើលយ៉ាងដិតដល់អំពីការអភិវឌ្ឍសព្វាវុធ និងប្រព័ន្ធជឿនលឿនរបស់ចិនដែលនឹងបង្កើនភាពតានតឹងនៅក្នុងតំបន់»

សូមបញ្ជាក់ថា គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ សារព័ត៌មាន Financial Times ដែល យោងតាមប្រភពមិនបញ្ចេញឈ្មោះចំនួន៥ បានចេញផ្សាយរបាយការណ៍មួយថា ប្រទេសចិនបាន សាកល្បងមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ដែលមានសមត្ថភាពបំពាក់ នុយក្លេអ៊ែរ កាលពីខែសីហាកន្លងទៅ៕