(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានព្រមានចំពោះការរាតត្បាតយ៉ាងឆាប់រហ័ស នៃវីរុស COVID-19 បំប្លែងថ្មី Omicron នៅរដូវរងា ជាពិសេសចំពោះអ្នកដែលមិនទាន់់ ទទួលបានការចាក់វ៉ាក់សាំងបង្ការ ដោយ ពួកគេនឹងត្រូវឈឺធ្ងន់ និងស្លាប់ ប្រសិនបើឆ្លងជំងឺនេះ។
បន្ទាប់ពីបានជួបពិភាក្សា ជាមួយទីប្រឹក្សាផ្នែកសុខាភិបាលសហរដ្ឋអាមេរិក លោក ចូ បៃដិន បាន ប្រកាសប្រាប់ប្រជាជនថា ការចាក់វ៉ាក់សាំងដូសជំរុញ មិនមែនជារឿងថ្មីឡើយ ដូច្នេះលោកអំពាវនាវ ឲ្យប្រជាជនទាំងឡាយ ប្រញាប់ទៅទទួលការចាក់ឲ្យបានលឿនបំផុត។ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា «យើងកំពុងសម្លឹងមើលឃើញ រដូវរងាដែលពោរពេញដោយអ្នកជំងឺឈឺធ្ងន់ និង ស្លាប់… ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងពេញលេញ រួចចាក់បន្ថែមដូសជំរុញទៀតនោះ អ្នកអាចការ ពារខ្លួនឯងពីការឈឺធ្ងន់ និងស្លាប់បាន»៕

































