(តេហេរ៉ង់)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១បានប្រាប់អោយដឹងថា មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថាការ ធ្វើសមយុទ្ធយោធារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅក្នុងសប្ដាហ៍នេះ គឺជាការបញ្ជូនសារព្រមាន មួយទៅកាន់អ៊ីស្រាអែលខណៈមានការព្រួយបារម្ភថារដ្ឋជី្វហ្វមួយនេះមានផែនការវាយប្រហារកម្ទេចរោងចក្រនយក្លេអ៊ែរអ៊ីរ៉ង់។
ថ្លែងប្រាប់ទូរទស្សន៍រដ្ឋ លោកឧត្ដមសេនីយ៍ ហូសសេន សាឡាមី (Hossein Salami) ជាអគ្គមេ បញ្ជការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ដូច្នេះថា «សមយុទ្ធយោធា នេះគឺជាសារព្រមានមួយ យ៉ាងច្បាស់ទៅកាន់អ៉ីស្រាអែល…យើងនឹងកាត់ដៃរបស់ពួកគេ ប្រសិនបើពួកគេប្រព្រឹត្តកំហុសណា មួយ»។ ដោយឡែក បើតាមយោធាអ៊ីរ៉ង់មីស៊ីលបាលិស្ទីគប្រភេទខុសៗគ្នាចំនួន១៦គ្រាប់ ត្រូវបាន បាញ់សាកល្បងកម្ទេចគោលដៅដោយជោគជ័យ។

សូមជម្រាបថាសមយុទ្ធយោធារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក្នុងនោះរួមទាំងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ និងគ្រូសមីស៊ីល បានបិទបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍ នេះ។ យោធាអ៊ីរ៉ង់ ជារឿយ ៗតែងតែអះអាងថាមីស៊ីលបាលិស្ទីគរបស់ខ្លួនអាចបាញ់បានក្នុងចម្ងាយ ២,០០០គីឡូម៉ែត្រ ដែល ចម្ងាយនេះគឺសមល្មមអាចកម្ទេចមូលដ្ឋាន របស់អ៉ីស្រាអែល និងអាមេរិកនៅក្នុងតំបន់៕
































