(វ៉ាស៊ីនតោន)៖ តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍ នេះបានព្យាករថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបញ្ជាឱ្យបើក ការវាយប្រហារលើ អ៊ុយក្រែនតែព្រមពេលជាមួយគ្នាលោកក៏បានព្រមានដែរថារុស្ស៊ីនឹងត្រូវប្រឈមមុខនឹងមហន្តរាយដូចគ្នា ។ លោក ចូ បៃដិនធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន ចំពេលភាពតាន តឹងរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែឡើងកម្ដៅ។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា «ការសន្និដ្ឋាន របស់ខ្ញុំ នោះគឺគាត់ (លោក ពូទីន) នឹងបញ្ជាឱ្យកងទ័ពរុស្ស៊ីធ្វើសកម្មភាព ពោលគឺគាត់ត្រូវតែធ្វើអ្វីម្យ៉ាង»។ លោកបន្ថែមថាលោក ពូទីន នឹងយកឱកាសធ្វើតេស្ដស្ទាបស្ទង់លើបណ្ដាមេដឹកនាំ អឺរ៉ុបលោកខាងលិចហើយការឆ្លើយតបរបស់សហរដ្ឋអាមេរិក គឺវាអាស្រ័យទៅលើទំហំនៃសកម្មភាពរបស់រុស្ស៊ី ដោយទីក្រុងម៉ូស្គូអាចនឹងប្រឈមមុខនឹងខាតបង់ធ្ងន់ធ្ងរ ដោយក្នុងនោះសេដ្ឋកិច្ចរុស្ស៊ីអាច នឹងត្រូវកាត់ ផ្ដាច់ចេញពីប្រព័ន្ធលុយដុល្លារអាមេរិកជាដើម។

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប បានចោទប្រកាន់រុស្ស៊ីថាបានប្រមូល ផ្ដុំកងទ័ពជិត ១០០,០០០នាក់ នៅក្បែរតំបន់ព្រំដែន អ៊ុយក្រែន ដែលនេះជាការត្រៀមលក្ខណៈ រារាំងកុំឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការ NATO។ តែទីក្រុងម៉ូស្គូ បានច្រានចោលការចោទ ប្រកាន់បែបនេះ៕
































