សម្ដេចក្រឡាហោម ស ខេង បញ្ជាក់អំពីសមិទ្ធផលមួយចំនួន ដែលអង្គភាពចំណុះក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២១


 (ភ្នំពេញ)៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដឆ្នាំ២០២២ របស់ក្រសួង មហាផ្ទៃ បានចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ បើតាមការគ្រោងទុក នៅ ពេលបិទសន្និបាតនារសៀលថ្ងៃទី២៣ ខែកុម្ភៈស្អែកនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ កងកម្លាំងនគរបាល ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំពុះពារ រែកពុនការងារនានាជាច្រើនប្រកបដោយការ ទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការចូលរួមអនុវត្តដោយផ្ទាល់នូវវិធាន ការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពប្រជាពល រដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងទាំងនេះបានធ្វើឲ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទមានការថយចុះ ៦% ជាពិសេសបទល្មើសឧក្រិដ្ឋដែលជះឥទ្ធិពលប៉ះពាល់ដល់ចិត្តសាស្រ្តសង្គម ថយចុះដល់ទៅ ១៤% ដោយលទ្ធផលនៃការបង្ក្រាបបទល្មើសនានាមានកម្រិតខ្ពស់រហូតដល់ ៩៣%។ ទន្ទឹមនេះយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសនានា ក៏ត្រូវបានចាត់ចែងអនុវត្តជាប្រចាំ ទោះបីជាត្រូវ រំខានខ្លះៗ ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ បទល្មើសសេដ្ឋកិច្ច អំពើជួញដូរមនុស្ស និងបទល្មើសផ្សេងទៀត។

សម្ដេចក្រឡាហោម ស ខេង បានបន្ដថា សម្រាប់ការងារសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀប រយសង្គម នៅតាមទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ ត្រូវបានបន្តខិតខំយកចិត្តទុកដាក់ ដោយផ្តោតជាសំខាន់លើការផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមគោរ ពអនុវត្តច្បាប់ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានធ្វើឲ្យគ្រោះថ្នាក់ ចរាចរណ៍មានការថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នក រងរបួស ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។

ប៉ុន្តែបន្ទាប់ពីការបើកឱ្យដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច សង្គម បានធ្វើឲ្យគ្រោះថ្នាក់ចរា ចរណ៍ហក់ស្ទុះឡើង បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស កើនឡើងគួរឲ្យព្រួយបារម្ភ។ ចំពោះការបង្ការ ទប់ស្កាត់អគ្គិភ័យក៏ត្រូវបានយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយអប់រំ លើកកម្ពស់ស្មារ តីប្រុងប្រយ័ត្ន និងការណែនាំអំពីវិធានការនានា ដើម្បីបង្ការ ទប់ស្កាត់អគ្គិភ័យ ធ្វើឲ្យហេតុការណ៍ គ្រោះថ្នាក់អគ្គិភ័យមានការថយចុះ២៨ភាគរយ ដែលកាត់បន្ថយបាននូវភ័យន្ដរាយដែលបណ្ដាល មកពីអគ្គិភ័យ។

ដោយឡែក ការបម្រើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានា ក៏ត្រូវបានពង្រឹងគុណភាព សមត្ថភាពក៏ដូចជាការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ និងការជំរុញចលនាអនុវត្តគោលនយោបាយជាតិ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» បានធ្វើឲ្យប្រជាពលរដ្ឋគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅមូលដ្ឋាន។

ការគ្រប់គ្រងជនប រទេស ក៏ត្រូវបានបង្កើនការយកចិត្ដទុកដាក់ គ្រប់គ្រងការចេញចូលនៅតាម បណ្ដាច្រកព្រំដែននានានិងការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងប្រទេសដោយយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពបំពេញការងាររបស់មន្ត្រី និងការបំពាក់សម្ភារមធ្យោបាយ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

ការងារអត្តសញ្ញាណកម្មក៏ត្រូវបានបន្តយកចិត្តទុកដាក់អភិវឌ្ឍទាំងក្របខ័ណ្ឌគោលនយោបាយច្បាប់ ការផ្គត់ផ្គង់ឧបករណ៍ សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រី និងការលើក កម្ពស់កិច្ចសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធ ភាពការងារគ្រប់គ្រងអត្តសញ្ញាណបុគ្គល សំដៅឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់កិច្ចអភិវឌ្ឍលើវិស័យនានា ដែលប្រើប្រាស់ទិន្នន័យបុគ្គល។

ការងារពន្ធនាគារ បានបន្តប្រមូលផ្ដុំយកចិត្តទុកដាក់លើការគ្រប់គ្រង ថែរក្សា ការពារសន្តិសុខ តាម មណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា ការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្ស និងជនជាប់ឃុំ ការយកចិត្តទុកដាក់ថែទាំសុខភាព ជីវភាពជនជាប់ ឃុំ ព្រមទាំងបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ដើម្បីដោះស្រាយភាព ចង្អៀតណែនតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា និងការបន្តខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា។

ចំពោះការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានបន្តខិតខំសម្របសម្រួលជាមួយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល រៀបចំបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចជាផ្លូវការ នូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០)។ ផ្អែកលើកម្មវិធីជាតិដំណាក់កាលទី២នេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានបន្តសហការសម្រប សម្រួលជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា រៀបចំនូវផែនការអនុវត្តកម្មវិធីជាតិ ដំណាក់ កាលទី១ រយៈពេល០៥ឆ្នាំ (២០២១-២០២៥) និងរៀបចំផែនការសកម្មភាព និងថវិកាប្រចាំ ឆ្នាំ២០២២។ ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលនានាជាច្រើនទៀតដែលក្រសួង មហាផ្ទៃ ខិតខំសម្រេចបាន ដូចជា ការងារកសាងក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌយុទ្ធ-សាស្ត្រ សម្រាប់ការងារសំខាន់ៗ ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ការងារបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សទាំងផ្នែករដ្ឋបាលស៊ីវិល និងនគរបាល ជាតិ ការងារអធិការកិច្ច និងដោះស្រាយពាក្យបណ្តឹង និងសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ការ ងារអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ការលើកកម្ពស់កិច្ចសហការអន្តរស្ថាប័នជាមួយក្រសួង ស្ថាប័ននានា នៃរាជរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រទេសនានា ក្នុង និងក្រៅតំបន់ ពាក់ព័ន្ធវិស័យសន្តិសុខ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការ ងារចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា សមិទ្ធផលដែលសម្រេចបានខាងលើ ពិតជាបានមក ដោយមានការចូលរួមធ្វើពលិកម្ម យ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់ ថ្នាក់ ដែលបានពុះពារជម្នះគ្រប់ឧបសគ្គដោយដៃម្ខាង ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋា ភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ និងដៃម្ខាង ទៀត ធានាថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងបរិបថដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩៕