(សៀងហៃ)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា កងទ័ពរំដោះប្រជាជនចិន បាននិយាយនៅថ្ងៃចន្ទនេះថា កង កម្លាំងរបស់ខ្លួន បានធ្វើសមយុទ្ធយោធា នៅក្បែរកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ដើម្បីអភិវឌ្ឍ ប្រតិបត្តិការប្រយុទ្ធរួមគ្នា បន្ទាប់ពីទីក្រុងតៃប៉ិ អះអាងថាយន្ដហោះចម្បាំងចិនជាច្រើនគ្រឿងបាន ហោះចូលក្នុងតំបន់ កំណត់ដែនការពារអាកាសរបស់ខ្លួន។
មេបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពជើងទឹក និងអាកាស បានរួមគ្នាធ្វើសមយុទ្ធយោធា កាលពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យចុង សប្តាហ៍កន្លងទៅនេះ នៅឯភាគខាងកើត និងភាគនិរតីនៃកោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍ដដែល បន្ថែមថា «សមយុទ្ធនេះ គឺធ្វើឡើងដើម្បីធ្វើតេស្ដ និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរួមគ្នារវាង កងទ័ពជើងទឹក និងអាកាសរបស់ចិន»។

ដោយឡែក បើតាមក្រសួងការពារជាតិតៃវ៉ាន់ ចិនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក, យន្ត ហោះចម្បាំង និងយន្តហោះប្រឆាំងនាវាមុជទឹក ប៉ុន្តែមិនមានការបាញ់សាកល្បងគ្រាប់ពិតនោះទេ ហើយយន្ដហោះចម្បាំងចិនក៏មិនបានហោះចូលក្នុងដែនអាកាសរបស់ខ្លួនទេ តែបានហោះចូលក្នុង តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ)។
គួរបញ្ជាក់ថា រយៈពេល២ឆ្នាំចុងក្រោយនេះ តៃវ៉ាន់បានជំទាស់យ៉ាងខ្លាំងទៅនឹងសកម្មភាព យោធា ចិនជាញឹកញាប់ ដែលកើតមាននៅក្បែរទឹកដីរបស់ខ្លួន នៅចំពោះមុខការព្រមានម្ដងហើយម្ដងទៀត ថាពីទីក្រុងប៉េកាំង ដែលខ្លួននឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើកម្លាំងយោធាលើកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់៕
































