អង្គការ យូណេស្កូ កោតសរសើរកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ

 (ភ្នំពេញ)៖ អង្គការយូណេស្កូ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹង ប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ។

ការកោតសរសើរ បានធ្វើឡើងតាមរយៈលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតទទួលជួបដើម្បីពិភាក្សាការងារ ជាពិសេសផ្ដោតទៅលើ វឌ្ឍនភាពការងាររួមគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២២។

ក្នុងជំនួបនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បាន ជម្រាបជូនភ្ញៀវអំពីព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធទៅនឹងយុទ្ធនាការកម្រិតអន្តរក្រសួង របស់ក្រុម ការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចុះវាស់វែងដី និង ស្រង់ទិន្នន័យនិយាមការ ដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ តំណាងអង្គការយូណេស្កូ ដើម្បីជ្រាបជាព័ត៌មាន។

លោកជំទាវថា នេះជាយុទ្ធនាការមួយ ដើម្បីរុះរើនៅសំណង់ខុសច្បាប់មួយចំនួនដែលបានកើតមាន នៅពេលកន្លងមកហើយយុទ្ធនាការនេះក៏ជាផ្នែកមួយនៃផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុងការទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ ជាពិសេសប្រយុទ្ធប្រឆាំងនឹងសំណង់ខុសច្បាប់។ ពោលយុទ្ធនាការនេះជាសកម្មភាពមួយដែលអាចអនុញ្ញាតឲ្យកសាងបាននូវទិន្នន័យជាក់ច្បាស់សម្រាប់អនាគតក្នុងកិច្ចការការពារអភិរក្សតំបន់អង្គរទាំងមូល ជាពិសេសទប់ស្កាត់នៃការកកើតឡើង វិញនៃសំណង់ខុសច្បាប់ជាយថាហេតុនាពេលអនាគតក្នុងបំណងធ្វើយ៉ាងណាការពារឲ្យបានជាដាច់ខាតតំលៃលេចឆ្លោជាសាកលនៃរមណីយដ្ឋានអង្គរអត្តសញ្ញាណជាតិ។

ពាក់ព័ន្ធនឹងយុទ្ធនាការរបស់ក្រុមការងារតម្រង់ទិសនេះ តំណាងអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការពារតំបន់បេតិកភណ្ឌអង្គរ ព្រមទាំងនឹងរាយការណ៍បន្ដជូនទៅអង្គការ យូណេស្កូនៅប៉ារីស និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។

លោកក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរា ដាក់បញ្ចូលក្នុងរបាយការណ៍ស្ដីពីវឌ្ឈភាពកិច្ចការអភិរក្សអង្គរ នូវសកម្មភាព និងលទ្ធផលនៃយុទ្ធនាការនេះ ដែលនឹងត្រូវដាក់ជូនទៅគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកនាដំណាច់ឆ្នាំ២០២២នេះ។

អង្គការយូណេស្កូ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ដែលបានទទួលស្វាគមន៍អនុប្រធានគណៈកម្មការអឺរ៉ុប យ៉ាងកក់ក្ដៅ និងលើកឡើង អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការងារមួយចំនួនដូចជា៖ កិច្ចសហប្រតិបត្តិការនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ការត្រៀមរៀបចំប្រារព្ធ ពិធីខួបលើកទី៥០ឆ្នាំ នៃអនុសញ្ញា១៩៧០ ដែលកម្ពុជាបានចុះហត្ថលេខី, ការរៀបចំកិច្ចប្រជុំ ICC-Angkor ICC-Preah Vihear និងកិច្ចការទូទៅមួយចំនួនផ្សេងទៀត។

សូមជម្រាបថា ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋាន អង្គរ មានប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុប ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាន។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការ ងារបច្ចេកទេសបានសម្រេចលទ្ធផល ដូចខាងក្រោម៖

* វាស់វែងក្បាលដីបានចំនួន ២០.០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៥​ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំង ទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

* បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ

* ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរសរុបចំនួន ៤៤ តួប ក្នុងនោះ ៣៤ តួប លក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ១០តួប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក

* ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទីក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ និងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨៖៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប៕