(ហ្សឺណែវ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា អង្គការពលកម្មអន្តរជាតិហៅកាត់ថា (ILO) របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យចូលទៅក្នុងទម្រង់ នៃ ទាសភាពទំនើបដោយសារតែភាពក្រីក្រ និងវិបត្តិផ្សេងទៀត បានកើនឡើងមួយភាគប្រាំក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ រហូតដល់ជិត ៥០លាននាក់។

ILO បាននិយាយថា ជាងពាក់កណ្តាលនៃអ្នកទាំងនោះ ត្រូវបានបង្ខំឱ្យធ្វើការខុសពីឆន្ទៈរបស់ពួកគេ ហើយអ្នកផ្សេងទៀតត្រូវបានបង្ខំឱ្យរៀបការ។
របាយការណ៍បានបន្ថែមថា មនុស្សទាំងពីរក្រុមនេះស្ថិតក្រោមនិយមន័យ នៃទាសភាពទំនើប ខណៈ ពួកគេមិនអាចបដិសេធ ឬមិនអាចចាកចេញដោយសារតែការគំរាមកំហែង អំពើហិង្សា ការបោក ប្រាស់ ការរំលោភអំណាច ឬទម្រង់បង្ខិតបង្ខំផ្សេងទៀត។
របាយការណ៍បាននិយាយទៀតថា បើប្រៀបធៀបទៅនឹងចំនួនចុងក្រោយកាលពីឆ្នាំ២០១៦ ចំនួន មនុស្សនៅក្នុងទាសភាពសម័យទំនើប បានកើនឡើងប្រហែល ៩.៣លាននាក់។
អង្គការ ILO ដែលផ្អែកលើការប៉ាន់ប្រមាណរបស់ខ្លួនមួយផ្នែក លើការស្ទង់មតិតាមគ្រួសារ បានរក ឃើញថា ជាងពាក់កណ្តាលនៃកម្លាំងពលកម្មដោយបង្ខំទាំងអស់ បានកើតឡើងនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឬប្រទេសដែលមានប្រាក់ចំណូលខ្ពស់៕
































