(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំគណៈ កម្មការអន្តរក្រសួង ចូលរួមពិភាក្សា និងសម្រេចលើកការប្រឡងប្រជែង ជ្រើសរើសក្របខណ្ឌសុខា ភិបាល ឆ្នាំ២០២២ ដែលប្រព្រឹត្ដទៅនាទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាស្រ្តចារ្យ ហ៊ុន ចំរើន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការគ្រប់គ្រងការប្រឡងប្រជែង រួមជាមួយឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ លោកឧបការីតំណាងអង្គភាពប្រឆាំង អំពើពុករលួយ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងមុខងារសាធារណៈ ព្រមទាំងសមាជិក សមាជិកា ដែលជាអនុគណៈកម្មការចូលរួមការប្រឡងប្រជែងទាំងអស់សរុបចំនួនប្រមាណ ៦០០ នាក់។

ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំមណ្ឌលប្រឡងចំនួន៤ រួមមាន៖
១៖ មណ្ឌលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទីតាំង១
២៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទីតាំង២
៣៖ មណ្ឌលវិទ្យាល័យបាក់ទូក និង
៤៖ មណ្ឌលសាលាបឋមសិក្សាបាក់ទូក៕

































